រដ្ឋធានីហាណូយ៖ ប្រទេសកម្ពុជា និងវៀតណាម បានចុះសន្ធិសញ្ញាមួយ ស្ដីអំពីការធ្វើបត្យាប័ន បញ្ជូនអ្នកទោសទៅវិញទៅមក រវាងប្រទេសទាំង២នេះ ហើយសន្ធិសញ្ញានេះ នឹងចូលជាធរមាន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

បើតាមសារព័ត៌មាន Vietnamnews បានផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ថា សន្ធិសញ្ញាស្ដីពីការបញ្ជូនអ្នកទោស រវាងប្រទេសកម្ពុជា និងវៀតណាម នឹងចូលជាធរមាន នៅថ្ងៃទី១ ខែតុលា ។ បើតាមសន្ធិសញ្ញានេះ ឧក្រិដ្ឋជនជាជនជាតិវៀតណាម បានជាប់គុក នៅក្នុងប្រទេសកម្ពុជា អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសកំណើត ក្នុងពេលដ៏ឆាប់ៗនេះ ដើម្បីទទួលទោសរបស់ពួកគេ។ នេះក៏មានន័យថា អ្នកទោសជាជនជាតិខ្មែរ នៅក្នុងពន្ធនាគាររបស់វៀតណាម ក៏អាចនឹងធ្វើបត្យាប័ន វិលត្រឡប់មកកាន់ប្រទេសកំណើត ដើម្បីទទួលទោសរបស់ពួកគេវិញផងដែរ។ ករណីនេះនឹងធ្វើឲ្យមានភាពងាយស្រួលដល់ក្រុមគ្រួសាររបស់ពួកគេ សម្រាប់ការទៅសួរសុខទុក្ខ និងជួយដល់សាច់ញាតិរបស់ពួកគេ នៅក្នុងពន្ធនាគារថែមទៀតផង។

សារព័ត៌មានដដែល បានដកស្រង់សម្ដីរបស់ លោក គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្ដិធម៌កម្ពុជា បានថ្លែងថា សន្ធិសញ្ញានេះ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ហើយវាមានការភាពផ្សេងគ្នា អំពីកិច្ចព្រមព្រៀង ធ្វើបត្យាប័ននេះដែរ។ សន្ធិសញ្ញានេះនឹងអនុញ្ញតឲ្យបញ្ជូនអ្នកទោសទៅវិញទៅមក រវាងប្រទេសទាំង២។ ក្នុងករណីខ្លះ គ្រួសាររបស់អ្នកទោសទាំងនោះ អាចធ្វើសំណើដល់រដ្ឋាភិបាល សម្រាប់ការបញ្ជូននេះ។

លោក Vũ Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា នេះជាការរៀបចំផ្នែកមនុស្ស ដែលឆ្លុះបញ្ចាំងឲ្យមានទំនុកចិត្ត និងកិច្ចសហប្រតិបត្ដិការទៅវិញទៅមក រវាងអាជ្ញាធរអនុវត្ដច្បាប់ នៃប្រទេសទាំង២៕