ភ្នំពេញ៖ យោងតាមការប្រកាសកាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុនសែលកាត បានប្រកាសនូវការដាក់បញ្ចូល ផ្នែកគំនូរឌីជីថលថ្មី (Digital Arts Category) ទៅក្នុងកម្មវិធីប្រឡងស្នាដៃសិល្បៈ (Kbach Arts Competition) ដែលជាកម្មវិធីមួយ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកសិល្បៈករមានទេពកោសល្យលេចធ្លោថ្មីៗ នៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុនសែលកាត និង Kbach Arts បានបើកដំណើរការកម្មវិធីប្រឡងប្រចាំឆ្នាំ ២០២០ នេះជាផ្លូវការ បន្ទាប់ពីបានពន្យារពេលមួយរយៈដោយសារបញ្ហាជម្ងឺរាតត្បាត។ សិល្បករដែលមានចំណាប់អារម្មណ៍ទាំងអស់ អាចដាក់ពាក្យចូលរួមប្រឡងបាន ពោលគឺកម្មវិធីចាប់ទទួលពាក្យរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។

ព្រឹត្តិការណ៍បើកសម្ពោធកម្មវិធីប្រឡង​នេះ បានប្រព្រឹត្តទៅនៅភោជនីយដ្ឋាន Hops Brewery ទីក្រុងភ្នំពេញ ដោយមានរៀបចំនូវការបង្ហាញផ្ទាល់នៃស្នាដៃបង្កើតសិល្បៈឌីជីថល ក៏ដូចជាការផ្តល់ជូននូវបទពិសោធន៍ទស្សនា Virtual និង Augmented Reality អមដោយការបង្ហាញស្នាដៃសិល្បៈប្រពៃណី និងការសម្តែងផ្ទាល់របស់DJ ផងដែរ។

កម្មវិធីនេះ ត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញសិល្បករមកចុះឈ្មោះចូលរួមប្រឡង កាន់តែកុះករច្រើនជាងឆ្នាំមុនដល់ទៅរាប់រយនាក់ ព្រោះថាផ្នែកគំនូរឌីជីថល អនុញ្ញាតឱ្យសិល្បករ អាចបង្កើតនិងផ្ញើស្នាដៃគំនូររបស់ពួកគេមកចូលរួមប្រឡងបាន តាមរយៈប្រព័ន្ធអនឡាញ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រជាពលរដ្ឋយើង បានងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ជួយដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ពោលគឺបានជម្រុញឱ្យក្រុមការងាររបស់លោក សម្រេចចិត្តធ្វើដូចគ្នានេះដែរ ចំពោះការប្រឡងសិល្បៈគំនូរ។

“ការដាក់បញ្ចូលផ្នែកគំនូរឌីជីថល បានជម្រុញទឹកចិត្តសិល្បករយើង ឱ្យចេះស្វែងយល់នូវបច្ចេកវិទ្យាថ្មីៗ និងគោលគំនិតនៃសិល្បៈគំនូរ ក៏ដូចជាអនុញ្ញាតឱ្យសិល្បករនៅទូទាំងព្រះរាជាណាចក្រកម្ពុជា អាចចូលរួមជាផ្នែកមួយនៃសហគមន៍សិល្បៈខ្មែរផងដែរ។

យើងចង់បានផ្នែកមួយ ដែលសក្តិសមជាមួយនឹងយុវជនសម័យបច្ចេកវិទ្យាឌីជីថល ព្រោះយើងមើលឃើញថា វាកំពុងមានការកើនឡើងជាខ្លាំងនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

“តាមរយៈសិល្បៈគំនូរនេះ យើងនឹងមានឱកាសច្រើនអាចមើលឃើញនូវគំនិតច្នៃប្រឌិត និងនុវានុវត្តន៍ លេចចេញមកទន្ទឹមគ្នាតាមបែបថ្មី ហើយយើងពិតជាមានអារម្មណ៍រំភើបរីករាយ ក្នុងការរងចាំមើលនូវលទ្ធផល ដែលនឹងបង្ហាញចេញមក”។

លោក Tony Francis ម្ចាស់ក្រុមហ៊ុន និងជាស្ថាបនិក Kbach Arts បានមានប្រសាសន៍ឱ្យដឹងថា លោកពិតជាមានក្តីរីករាយឥតឧបមា ដែលបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនសែលកាត ដើម្បីណែនាំកម្មវិធីប្រឡងនេះ ទៅកាន់បណ្តាអ្នកគាំទ្រថ្មីៗបន្ថែមទៀត។

“ក្រុមហ៊ុនសែលកាត និង Kbach Arts មានលក្ខណៈសម្បត្តិច្រើនយ៉ាងណាស់ដែលដូចគ្នា ហើយយើងជឿជាក់ ថា ក្រុមហ៊ុនយើងទាំងពីរ នឹងអាចរួមគ្នាបង្កើតនូវឱកាសថ្មីៗជូនដល់សិល្បករខ្មែរយើង ដើម្បីស្វែងយល់ បង្ហាញស្នាដៃ និងពង្រឹងអាជីពរបស់ពួកគាត់តាមរបៀបថ្មី”។

“Kbach Arts យើងគឺផ្តោតទៅលើការស្វែងរក និងការបណ្តុះសិល្បករដែលមានទេពកោសល្យ តាមរយៈកម្មវិធីនានារបស់យើង ដើម្បីជួយឱ្យសិល្បករកំពូលៗទាំងនោះ ទទួលបានការទាក់ទាញចំណាប់អារម្មណ៍នៅលើឆាកអន្តរជាតិ បទពិសោធន៍ល្អៗ និងការចង្អុលបង្ហាញដែលត្រឹមត្រូវផងដែរ។

ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់បណ្តាខេត្តក្រុងទាំងអស់ក្នុងឆ្នាំនេះ សែលកាត រួមជាមួយ Kbach Arts នឹងរៀបចំកម្មវិធីសិក្ខាសាលាតាមអនឡាញពិសេសមួយ ជូនដល់សិល្បករទាំងអស់ ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់លម្អិត និងទទួលបានព័ត៌មានបន្ថែមអំពីកម្មវិធីប្រឡងនេះ។

មកទល់បច្ចុប្បន្ននេះ យើងមានកំពូលសិល្បករ ៣ រូប បានបញ្ជាក់នូវវត្តមានចូលរួមរបស់ពួកគាត់ ដោយក្នុងនោះរួមមានលោក Hour Soben, Rodrigo Garzon និង Yean Sokheng ហើយទន្ទឹមនឹងនោះ ក៏នៅមានសិល្បករជាច្រើនរូបទៀត ដែលនឹងចូលរួមនៅក្នុងអំឡុងនៃការបើកដំណើរការកម្មវិធីផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រឡង និងបែបបទក្នុងការចូលរួម សូមចូល Follow ទំព័រហ្វេសប៊ុកផ្លូវការរបស់ Kbach Arts https://www.facebook.com/KBachArts