ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ជាសង្សារស្រឡាញ់គ្នា៤ឆ្នាំមកហើយ បានស៊ីបានចុកឆ្អែតឆ្អន់ហើយ មិនត្រឹមតែចង់ដោះដៃទេ ថែមទាំងគំរាមបង្ហោះរូបអូនអាក្រាតកាយតាមហ្វេសប៊ុក ជាថ្នូរនឹងប្រាក់១០លានរៀលទៀតផង ទីបំផុត នារីរងគ្រោះប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋានខេត្ត។

ជនសង្ស័យឈ្មោះចាន់ ភក្រ្តា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅនៅភូមិលើ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ។
សមត្ថកិច្ចបានឱ្យដឹងថា តាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ បាននិយាយថា ខ្លួននាងជាមួយបុរសជាជនសង្ស័យបានធ្លាប់ស្រលាញ់គ្នាចិត្ត និងចិត្តរយៈពេលជិត៤ឆ្នាំមកហើយ ក្នុងទំនាក់ទំនងស្នេហាគ្នានេះបុរសខាងលើធ្លាប់បានទិញសម្លៀកបំពាក់ និងគ្រឿងអលង្ការមួយចំនួនឱ្យខ្លួនផងដែរ ។

លុះចុងក្រោយនេះ បុរសជាសង្សារ ក៏ចង់ដោះដៃ បានចោទថានាងមានប្រុសថ្មី និងគំរាមទារប្រាក់ចំនួន ១០លានរៀល បើមិនព្រមឱ្យទេ គេនឹងបញ្ចេញរូបវីដេអូអាក្រាតកាយដែលថតទុកកាលធ្លាប់ផ្អែមល្ហែមជាមួយគ្នាកន្លងមក ។ តែនាងបានអង្វរទៅបុរសជាសង្សារថា កុំបញ្ចេញវីដេអូហ្នឹងអី នាងនឹងប្រគល់ឱ្យក្នុងមួយខែ១០០ដុល្លារ ។ ក្រោយការព្រមព្រៀងគ្នានេះ នាងបានប្រគល់ឱ្យបានមួយខែ ១០០ដុល្លារ ស្រាប់តែជនសង្ស័យ គំរាមទារប្រាក់ចំនួន១០លានរៀលបន្ថែមទៀតដោយថាចំនួន១០លានរៀលនេះ ជាប្រាក់ដែលជនសង្ស័យធ្លាប់បានទិញសម្លៀកបំពាក់ និងគ្រឿងអលង្ការផ្សេងៗឱ្យនាងកាលកន្លងមក។

ដោយស៊ូទ្រាំមិនបានចំពោះចំពោះការគំរាមជំរិតទារប្រាក់ច្រើនពេករបស់សង្សារបែបនេះ នាងក៍បានសម្រេចចិត្តដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យ ពេលនាងទៅផ្ទះសំណាក់មួយដើម្បីណាត់ប្រគល់ប្រាក់ចំនួន១០លានរៀលឲ្យទៅជនសង្ស័យ ។

ជនសង្ស័យត្រូវឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ហើយត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ពីបទគំរាមទារប្រាក់សម្រេច និងត្រូវឃុំខ្លួនក្នុងពន្ធនាគារខេត្តបណ្ដោះអាសន្ន រង់ចាំការស៊ើបអង្កេតបន្ត៕