បរទេស៖ ស្បែកអេឡិចត្រូនិច ដែលបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ អាចមានសមត្ថភាពប្រតិកម្មចំពោះការឈឺចាប់ដូចជាស្បែកពិតៗអ៉ីចឹងដែរ ដែលវាជារបកគំហើញថ្មីនឹងមានសក្តានុពលមួយ សម្រាប់បច្ចេកវិទ្យាសិប្បនិម្មិត ដែលគេនឹងប្រើវាជំនួសឱ្យការផ្សាំស្បែក។

អ្នកដឹកនាំការស្រាវជ្រាវសាស្រ្តាចារ្យ Madhu Bhaskaran បានពិពណ៌នាថា វាជាបច្ចេកវិទ្យាជឿនលឿនមួយឆ្ពោះទៅរកជីវៈបច្ចេកវិទ្យា និងមនុស្សយន្តវៃឆ្លាតជំនាន់ក្រោយ​ ។

លោកបន្តថា “ស្បែកគឺជាសរីរាង្គដ៏ធំបំផុតនៃរាងកាយរបស់យើង ដែលវាមានលក្ខណៈស្មុគស្មាញ និងបង្កើតឡើងដើម្បីបញ្ជូនសញ្ញាព្រមានយ៉ាងរហ័សនៅពេលមានបញ្ហាកើតឡើង” ។ “យើងកំពុងដឹងអ្វីៗគ្រប់យ៉ាងតាមរយៈស្បែក ដោយការឆ្លើយតបទៅនឹងការឈឺចាប់របស់មនុស្ស នៅពេលដែលយើងប៉ះអ្វីដែលក្តៅពេក ឬមុតពេក។

ក្រុមការងារនៅ RMIT (វិទ្យាស្ថានបច្ចេកវិទ្យាម៉ុលប៊ែននៅប្រទេសអូស្រ្តាលី) បានបង្កើតឧបករណ៍គំរូចំនួន ៣ ដោយប្រើអេឡិចត្រូនិច ដែលអាចមានសមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលសីតុណ្ហភាព និងសម្ពាធ ដោយផ្តល់នូវមុខងារសំខាន់ៗ នៃស្បែកជាទម្រង់អេឡិចត្រូនិច តាមរបៀបដែលស្បែកមនុស្សមានអារម្មណ៍ឈឺចាប់។

ពួកគេសង្ឃឹមថា ជាមួយនឹងការអភិវឌ្ឍមួយនេះ ស្បែកសិប្បនិម្មិតនេះនឹងអាចជំនួស ការកាត់ស្បែកពីផ្នែកដទៃមកជំនួសកន្លែងដែលត្រូវការផ្សាំស្បែក បែបវិធីសាស្រ្តពីមុន ។

លោកសាស្រ្តាចារ្យ Bhaskaran បានបន្ថែមថា “យើងត្រូវការការអភិវឌ្ឍស្បែកសប្បនិមិត្តនេះបន្ថែមទៀត ដើម្បីបញ្ចូលបច្ចេកវិទ្យានេះទៅក្នុងកម្មវិធីជីវសាស្រ្ត ព្រោះតាមមូលដ្ឋានគ្រឹះជីវគីមី យើងអាចបត់បែនវាបានដូចជាស្បែកពិតរួចទៅហើយ” ៕

ប្រភព៖ sky