រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ ម្ដាយបង្កើតរបស់លោក ចា រិទ្ធី បានទទួលមរណភាពហើយ ដោយសារជំងឺគាំងបេះដូង ធ្វើឲ្យញាតិមិត្តជិតឆ្ងាយ ក៏ដូចជាអ្នកសិល្បៈសម្ដែងក្ដីក្ដុកក្តួលជាពន់ពេក។

លោក ចា រិទ្ធី បានបង្ហោះរូបសពម្ដាយ នៅក្នុងមន្ទីរពេទ្យ ភ្ជាប់ជាមួយសំណេរយ៉ាងក្តុកសក្តួលថា «ម៉ែ ជា ទី ស្រឡាញ់របស់កូន ពេលនេះ ម៉ែទៅចោលកូនជារៀងរហូតហើយ!» ដែលនេះជាសារ ក៏ដូចជាដំណឹងដ៏សោកសៅមួយបង្ហាញថា អ្នកម្ដាយរបស់លោក បានលាចាកលោក ទៅចោលកូនចៅគ្មានថ្ងៃត្រឡប់វិញឡើយ។

ដំណឹងទទួលមរណភាពរបស់ម្តាយលោក ចា រិទ្ធី នៅពេលនេះ គឺបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បណ្តាមិត្តសិល្បៈរួមអាជីព និងអ្នកគាំទ្ររបស់លោក។ ជាពិសេសអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ ដល់ក្រុមគ្រួសារលោកផងដែរ។

សូមបញ្ជាក់ថា ម្ដាយរបស់លោក ចា រិទ្ធី ទទួលមរណភាព ដោយសារជំងឺគាំងបេះដូង ក្នុងជន្មាយុជាង ៨០ឆ្នាំ ហើយសពតម្កល់ធ្វើបុណ្យនៅគេដ្ឋានរបស់លោកចា រិទ្ធី ផ្ទាល់ ស្ថិតនៅក្នុងបុរី ជីប ម៉ុង តាមបណ្ដោយផ្លូវ ជា សុផារ៉ា ក្នុងខណ្ឌឫស្សីកែវ៕