ខេត្តកំពង់ឆ្នាំង ៖ បុរស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​ជិះ​រថយន្ត​ម៉ាក ម៉ា​ស្តា (Mazda) ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-0819 បាន​ប្រើប្រាស់​កាំភ្លើង អាកា​៤៧ ស្វាយ​បត់ (AK47) ធ្វើ​កាយវិការ​ដូច​ជា​ខឹង​នឹង​នរណា​ម្នាក់ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក Brak Ban ដែល​គេ​ស្គាល់​ថា ជា​បុគ្គលិក​របស់​លោក ឃឿ​ន សុ​ឡា ហៅ K01 ជា​អ្នក​សារព័ត៌មាន បាន​ផុស​វី​ដេ​អូ និង​រូបភាព​ភ្ជាប់​ជាមួយ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ី​វិល ដៃ​ទាញ​កាំភ្លើង​ចេញពី​រថយន្ត​ខាងលើ ។ គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​សរសេរ​ថា សូម​បងប្អូន​ជួយ​រក​យុត្តិធម៌ និង​ពិចារណា​មើល ។

ដោយឡែក លោក ឃឿ​ន សុ​ឡា ហៅ K01 បាន​សរសេរ​ថា «K01​សូម​សួរ​បងប្អូន​ថា​ តើ​K01​គួរ​ធ្វើ​យ៉ាងណា​ទៅ បើ​គេ​ធ្វើ​ដាក់​កូនចៅ​ខ្ញុំ​បែប​នេះ ស៊ែរ​អោយ​ល្បី​មួយ​ផង អាង​តែ​មាន​កាំភ្លើង ធ្វើ​អី​ស្រេច​ចិត្ត​មែន​លោក សូម​ថ្នាក់លើ​ជួយ​រក​យុ​ត្តិ​ធ​ម៍​អោយ​ក្រុម​K01​ផង ស៊ែរ​មួយ​ផង​បង​ៗ ខុស​ត្រូវ​អីចុះ​និយាយ​គ្នា​ទៅ​បង អាង​អី​ដក​កាំភ្លើង គំរាម​គេ​បែប​នេះ​មិនល្អ​ទេ ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​» ។

គេ​មិនដឹង​ថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ពេល​ណា និង​ផ្តើម​ចេញពី​មូលហេតុ​អ្វី​នោះ​ទេ ៕