បាងកក ៖ នៅ​ថ្ងៃ​ទី​៣១ សីហា ២០២០​នេះ ប្រទេស​ថៃ សម្រេច​ពន្យារពេល​ទិញ​នាវាមុជទឹក​ចំនួន ២​គ្រឿង​ពី​ប្រទេស​ចិន វិញ​ក្នុង​តម្លៃ​ប្រមាណ ៧២៤​លាន​ដុល្លារ បន្ទាប់​ពី​មាន​កំហឹង​ជា​សាធារណៈ ជុំវិញ​កិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស​នេះ ខណៈ​សេដ្ឋកិច្ច​ថៃ កំពុង​តែ​ជួប​វិបត្តិ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ។

សូម​ជម្រាប​ថា កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​២០១៥ ប្រទេស​ថៃ​ចរចា​ទិញ​បរិក្ខា​របស់​កងទ័ពជើងទឹក​ពី​ប្រទេស​ចិន ហើយ​ការ​ចរចា​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៧ ដោយ​ថៃ គ្រោង​ទិញ​នាវាមុជទឹក​ចំនួន​៣​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ដំបូង ត្រូវ​គេ​រំពឹង​ថា នឹង​បញ្ជូន​មក​ដល់​ប្រទេស​ថៃ នៅ​ឆ្នាំ​២០២៣ ។

ទោះជា​យ៉ាងណា ថៃ​ក៏​បាន​បញ្ជា​ទិញ​២​គ្រឿង​បន្ថែម​ទៀត ក្នុង​តម្លៃ ២២.៥​ពាន់​លាន​បាត (៧២៤​លាន​ដុល្លារ​) ត្រូវ​បាន​អនុម័ត​កាលពីដើម​ខែសីហា​នេះ ដែល​ធ្វើ​ឱ្យ​សាធារណជន មិន​ពេញចិត្ត នៅ​ពេល​ដែល​ប្រទេស​ថៃ កំពុង​តស៊ូ វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ ។ ប្រជាជន​ថៃ បាន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​រិះគន់ កិច្ចព្រមព្រៀង​នេះ ហើយ​បាន​លើក​ឡើង​ថា ថៃ​មិន​ត្រូវការ​នាវាមុជទឹក​ទេ ។

អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ចេញ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជា មន្ត្រី​ជាប់​ខ្ពស់​កងទ័ពជើងទឹក​ថៃ ទៅ​ចរចា​ជាមួយ​ប្រទេស​ចិន ដើម្បី​ពន្យារពេល​ទិញ​នាវាមុជទឹក រយៈពេល​មួយ​ឆ្នាំ​ទៀត ។

សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អាក្រក់​បំផុត មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ កន្លង​មកនេះ ដោយ​បាន​ធ្លាក់​ចុះ ១២.២% នៅ​ក្នុង​ត្រីមាស​ទី​២ ដោយសារ​វិស័យ​ទេសចរណ៍ និង​បណ្តា​វិស័យ​នានា បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ៕