ទីក្រុងម៉ានីល ៖ ក្រុមសកម្មប្រយុទ្ធមូស្លីមដែលមានសម្ព័ន្ធមិត្តជាមួយក្រុមរដ្ឋអ៊ីស្លាមបានបង្កប់គ្រាប់បែកអត្តឃាតដ៏មានឥទ្ធិពលមួយ និងបានបំផ្ទុះគ្រាប់បែកអត្តឃាតនោះបណ្តាលឱ្យមនុស្ស១៤នាក់បានស្លាប់នៅថ្ងៃចន្ទនេះដោយជនរងគ្រោះទាំងនោះភាគច្រើនគឺជាទាហាន ។ មន្ត្រីយោធាហ្វីលីពីននិយាយថា នេះជាការវាយប្រហារដ៏អាក្រក់បំផុតនៅក្នុងប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០២០នេះ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Abcnews ដែលបានចេញផ្សាយនៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ ។

ឧត្តមសេនីយ៍ Corleto Vinluan មេបញ្ជាការយោធាប្រចាំតំបន់បាននិយាយថា ទាហាន ប៉ូលិស និងជនស៊ីវិលយ៉ាងហោចណាស់ ៧៥ នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកពេលថ្ងៃត្រង់នៅទីប្រជុំជនជូឡូ ក្នុងខេត្តស៊ូលូ ភាគខាងត្បូង និងមនុស្ស១៤នាក់បានស្លាប់ ។

លោកឧត្តមសេនីយ៍ Vinluan បាននិយាយថា ជនរងគ្រោះភាគច្រើនរួមទាំងកុមារផងត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតជាលើកដំបូង ដោយក្រុមសកម្មប្រយុទ្ធបានបង្កប់គ្រាប់បែកនោះភ្ជាប់នឹងម៉ូតូយកទៅបំផ្ទុះនៅក្បែររថយន្ដយោធាពីរគ្រឿងដែលចតនៅមុខហាងលក់គ្រឿងទេស និងហាងកុំព្យូទ័រនៅទីប្រជុំជនជូឡូ ។

លោកមេបញ្ជាការយោធា Corleto Vinluan បានប្រាប់អ្នកយកព័ត៌មានថា ៖«វាជាគ្រឿងផ្ទុះដែលបង្កប់ជាមួយយានយន្តដែលបានផ្ទុះ ខណៈដែលទាហានរបស់យើងកំពុងបំពេញការងារ» ។

មន្ត្រីយោធាបាននិយាយកាលពីសប្តាហ៍មុនថា ក្រុមសកម្មប្រយុទ្ធបានរៀបចំផែនការបំផ្ទុះគ្រាប់បែកនៅស៊ូលូម្តងមកហើយដោយប្រើអ្នកវាយប្រហារអត្តឃាតជាមនុស្សស្រីពីរនាក់ ។ កងទ័ពយោធាកំពុងធ្វើប្រតិបត្តិការសម្ងាត់ដើម្បីតាមចាប់ជនជាមេក្លោងបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ៕

ប្រភព ៖ Abcnews , ដោយ ៖ សំណាង