កីឡាករខ្សែប្រយុទ្ធ Robert Lewandowski បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់អាល្លឺម៉ង់កាលពីថ្ងៃអាទិត្យដែលជារង្វាន់សម្រាប់រដូវកាលដ៏អស្ចារ្យរបស់ខ្លួនជាមួយក្រុម Bayern Munich ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Live Score ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២០ នេះ ។

ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ (Player of the Year) ដែលត្រូវបានបោះឆ្នោតឱ្យដោយអ្នកសារព័ត៌មានឈានមុខគេនៅអាល្លឺម៉ង់រួមជាមួយនឹងទស្សនាវដ្តី Kicker ដោយបានចុចឈ្មោះកីឡាករ Robert Lewandowski ជាអ្នកទទួលពានកីឡាករឆ្នើមប្រចាំឆ្នាំនេះ ។

កីឡាករឆ្នើមរូបនេះទទួលបាន ២៧៦ សំឡេង ខណៈមិត្តរួមក្រុមរបស់ខ្លួន Thomas Muller ទទួលបាន៥៤សំឡេងដើម្បីជាប់ចំណាត់ថ្នាក់លេខ២នាំមុខលោកកីឡាករ Joshua Kimmich ។

ក្រុមខ្លាំង Bayern Munich បានជម្នះរាល់ឧបសគ្គនៅលើសមរភូមិវាលស្មៅនៅរដូវកាល ២០១៩-២០ ដោយឈ្នះ Bundesliga និង DFB-Pokal រហូតបន្តឈ្នះពាន Champions League ដោយយកឈ្នះក្លឹបអ្នកមានបារាំង Paris Saint-Germain ដោយលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ។

លោក Lewandowski វ័យ៣២ឆ្នាំ រកបាន៥៥គ្រាប់ក្នុងមួយរដូវកាលនេះបានប្រាប់អារម្មណ៍ពិតរបស់ខ្លួនទៅកាន់ទស្សនាវដ្តី Kicker ថា ៖«ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់ ពីព្រោះការរំពឹងទុករបស់ខ្ញុំកាន់តែខ្ពស់ទៅៗ ហើយខ្ញុំព្យាយាមធ្វើលើសពួកគេជារៀងរាល់ឆ្នាំ» ៕

ប្រភព ៖ Live Score , ដោយ ៖ សំណាង