កាលពីថ្ងៃអង្គារក្លឹបបាល់ទាត់អេស្ប៉ាញ Barcelona បានបញ្ជាក់ថា កំពូលតារាឆ្នើមរបស់ខ្លួនគឺ Lionel Messi បានប្រកាសចង់ចាកចេញពីក្លឹបកាតាឡានដោយបញ្ចប់អាជីពរយៈពេល២០ឆ្នាំជាមួយ Camp Nou ឆាប់ៗនៅរដូវក្តៅនេះ ។ ពាក្យចចាមអារាមបានលើកឡើងថា​ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះអាចផ្លាស់ទៅកាន់ក្លឹបមេឃខៀវ Manchester City របស់អង់គ្លេសដែលគ្រប់គ្រងដោយអតីតគ្រូបង្វឹករបស់គាត់គឺលោក Pep Guardiola ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ ។

តាមប្រភព Sport.es បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្លឹប Manchester City បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនទឹកប្រាក់៥០០លានអឺរ៉ូដល់ក្លឹប FC Barcelona ដើម្បីនាំយកកីឡាករ Lionel Messi ទៅកាន់ទឹកដី Etihad Stadium ជាមួយកិច្ចសន្យា៥ឆ្នាំ ។

យោងតាមការចេញផ្សាយរបស់កាសែតអេស្បាញប្រាក់ប្រចាំឆ្នាំរបស់ Messi នៅ Manchester City នឹងមានចំនួន ៥០ លានអឺរ៉ូ ក្រោមកិច្ចព្រមព្រៀងនេះកីឡាករអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះនឹងលេង៣រដូវកាលនៅក្លឹបអង់គ្លេសបន្ទាប់ពីនោះរូបគេនឹងផ្លាស់ទៅលេងនៅ New York City FC របស់ Major League Soccer (MLS) ដែលកីឡាកររូបនេះនឹងលេង២ឆ្នាំទៀត Messi ក៏នឹងទទួលបានប្រាក់រង្វាន់២៥០លានផោនសម្រាប់ចូលរួមជាមួយក្លឹបអាមេរិកមួយនេះ ។

កាលពីថ្ងៃព្រហស្បតិ៍កាសែត Daily Mail បានរាយការណ៍ថា Man City បានត្រៀមផ្តល់ជូន Barcelona ៨៩.៥ លានផោន (១១៨,១ លានដុល្លារ) បន្ថែមលើកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus, ខ្សែបម្រើព័រទុយហ្កាល់ Bernardo Silva និងកីឡាករអេស្បាញ Eric Garcia ជាថ្នូរនឹងម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាល Lionel Messi ៕

ប្រភព ៖ Sputnik , ដោយ ៖ សំណាង