ទឹកដី Camp Nou កំពុងរង្គោះរង្គើរបន្ទាប់ពីកំពូលតារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Lionel Messi បានជូនដំណឹងដល់ក្លឹបកាលពីថ្ងៃទី២៥ សីហា អំពីការចង់ចាកចេញរបស់គេ ទោះបីជាកុងត្រារបស់កីឡាកររូបនេះមិនផុតដោយមានសុពលភាពដល់ឆ្នាំ២០២១ក៏ដោយ ប៉ុន្តែក្លឹបគឺមានបំណងមិនចង់ឱ្យកីឡាករឆ្នើមរបស់ខ្លួនចាកចេញនោះឡើយ ហើយពេលនេះ Messi នឹងមិនបង្ហាញខ្លួនឱ្យក្លឹប Barcelona សម្រាប់ការប្រកួត Pre-Season នោះទេ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២០ នេះ ។

យោងតាមប្រភព Mundo Deportive បានរាយការណ៍ថា ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu នឹងជួបពិភាក្សាជាមួយឪពុករបស់ Lionel Messi នៅថ្ងៃទី២ កញ្ញា ជុំវិញអនាគត់របស់កីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi ។

យោងតាមកាសែតកីឡាលោក Jorge Messi ដែលជាឪពុក និងជាអ្នកចាត់ការទូទៅរបស់ Messi បានទាក់ទងជាមួយ Bartomeu អស់រយៈពេលជាច្រើនថ្ងៃមកហើយ ។ តាមការកត់សំគាល់ឃើញថា មន្រ្តីក្លឹប Barcelona មានប្រតិកម្មយ៉ាងខ្លាំងនៅពេល Messi ប្រាប់ពួកគេអំពីការចង់ចាកចេញដើម្បីអនុវត្តឃ្លានៅក្នុងកិច្ចសន្យារវាងក្លឹប និង Messi ដែលនឹងអនុញ្ញាតឱ្យរូបគេចាកចេញពីក្លឹបដោយឥតគិតថ្លៃ ។

សារព័ត៌មាន Mundo Deportivo សរសេរថា ការប្រជុំនាពេលខាងមុខនេះទំនងជានឹងមិនមានការសម្រុះសម្រួលគ្នាទេ ព្រោះតែលោក Bartomeu និងលោក Jorge Messi អ្នកទាំងពីរមានការខ្វែងគំនិតគ្នាជាខ្លាំង ។ ទោះយ៉ាងណាឪពុក​របស់ Messi ចង់ឱ្យប្រធានក្លឹបលោក Bartomeu យល់ពីកូនប្រុសរបស់គាត់ធុញទ្រាន់នឹងការបរាជ័យរបស់ក្លឹបក្នុង Champions League និងស្វែងរកចូលរួមជាមួយក្លឹបថ្មីដែលអាចល្អជាងនេះ ៕

ប្រភព ៖ Sputnik , ដោយ ៖ សំណាង