ទីក្រុងប៊ែកឡាំង ៖ អាជ្ញាធរនៅភាគខាងកើតប្រទេសអាល្លឺម៉ង់បានហាមឃាត់មិនឱ្យហែលទឹកនៅក្នុងទន្លេ Unstrut បន្ទាប់ពីមានការអះអាងថា សត្វក្រពើមួយក្បាលត្រូវបានគេប្រទះឃើញនៅទីនោះ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Abcnews ដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ។

មន្រ្តីនៅក្នុងស្រុក Burgenland ដែលមានចម្ងាយប្រហែល ១៨៥ គីឡូម៉ែត្រ នាភាគនិរតី នៃទីក្រុងប៊ែកឡាំងបាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា ៖«ការហាមឃាត់មិនឱ្យចុះហែលទឹកនៅទន្លេ Unstrut នឹងនៅតែមានដដែលរហូតដល់ថ្ងៃទី៦ ខែកញ្ញា» ។

មន្ត្រីខាងលើបន្តថា ក្រុមអន្តរាគមន៍កំពុងតែខិតខំស្វែងរកសត្វក្រពើដែលគេប្រទះឃើញនៅក្នុងទន្លេខាងលើ តែរហូតមកដល់ពេលនេះនៅមិនទាន់ប្រទះឃើញនៅឡើយនោះទេ និងក៏មិនទាន់មានភស្តុតាងអ្វីនោះដែរ ៕

ប្រភព ៖ Abcnews , ដោយ ៖ សំណាង