តារាសម្តែងលោក Chadwick Boseman ដែលបានសាងភាពលេចធ្លោ «Black Panther» បានទទួលមរណភាពហើយ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Abcnews ដែលបានចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០​ នេះ ។

យោងតាមគណនី Twitter របស់តារាសម្តែងរូបនេះបានបញ្ជាក់ថា លោក Chadwick Boseman បានទទួលមរណភាពហើយក្នុងអាយុ៤៣ឆ្នាំក្រោយពីកើតជំងឺមហារីកពោះវៀនធំចាប់តាំងពីឆ្នាំ២០១៦ ។

តាមប្រភពគណនី Twitter ផ្លូវការរបស់តារារូបនេះបានឱ្យដឹងថា ៖«វាគឺជាការសោកសៅដែលមិនអាចវាស់វែងបានដែលយើងបញ្ជាក់ពីការស្លាប់របស់ Chadwick Boseman ។ Chadwick ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកពោះវៀនធំដំណាក់កាលទី៣ ក្នុងឆ្នាំ២០១៦ និងបានប្រយុទ្ធជាមួយវាក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះនៅពេលវាឈានដល់ដំណាក់កាលទី៤» ។

ប្រភពបានបន្តទៀតថា ៖« Chadwick Boseman បានតស៊ូឆ្លងកាត់វាទាំងអស់ហើយបាននាំអ្នកនូវខ្សែភាពយន្តជាច្រើនដែលអ្នកបានស្រឡាញ់យ៉ាងខ្លាំង» ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Chadwick Boseman បានស្លាប់នៅក្នុងផ្ទះរបស់គាត់ដែលលោកស្នាក់នៅជាមួយប្រពន្ធ និងក្រុមគ្រួសារ​ ។ តារាសម្តែងរូបនេះមិនបានប្រកាសជាសាធារណៈថា គាត់តតាំងប្រយុទ្ធជាមួយ​នឹងជំងឺមហារីកមុនពេលគាត់ស្លាប់ ៕

ប្រភព ៖ Abcnews , ដោយ ៖ សំណាង