រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតជនជាតិចិន ដែលបង្កដោយជនជាតិចិនដូចគ្នាមួយករណី នៅខណ្ឌចំការមន ក្រោយទទួលពាក្យបណ្ដឹងបាន៦ម៉ោង ។
ប្រតិបត្តិការនេះធ្វើឡើង នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៥ ខែសីហា ក្រោយទទួលបានពាក្យបណ្ដឹងនៅវេលាម៉ោង៩ព្រឹក ចំណុចខុនដូរមួយកន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្រោយទទួលបានពាក្យបណ្ដឹង និងមានបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បើកការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានជនដៃដល់៦នាក់ ។
ទី១ ៖ ឈ្មោះ TU JIAXIN អាយុ២៦ឆ្នាំ, ទី២ ៖ ឈ្មោះ YANG CHUNPING អាយុ៣០ឆ្នាំ, ទី៣ ៖ ឈ្មោះ LI ZHIWEI អាយុ២៦ឆ្នាំ, ទី៤ ៖ ឈ្មោះ XU YONGJUN អាយុ៣១ឆ្នាំ, ទី៥ ៖ ឈ្មោះ XU HUICHENG អាយុ២៨ឆ្នាំ និងទី៦ ៖ ឈ្មោះ LIAO XIANMIN អាយុ២៤ឆ្នាំ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន រថយន្ត០១គ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 2AN-8228 និងលិខិតឆ្លងដែនចំនួន០៨ក្បាល និងសំភារះពាក់ពន្ធមួយចំនួន ។
ឆ្លងតាមការសាកសួរ ជនសង្ស័យចំនួន០៦នាក់ខាងលើបានសារភាពថា ពួកខ្លួនពិតជាបាន បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ពីជនរងគ្រោះឈ្មោះ ZHOU NA ភេទស្រី អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E ពិតប្រាកដមែន ។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕