រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​និយាយ​ថា កម្ពុជា​ក៏​អាច​កសាង​ប៉ុស្តិ៍​ជា​សំណង់​រឹង​ដូច​វៀតណាម​បាន​ដែរ ប្រសិនបើ​វៀតណាម​មិន​ព្រម​រុះរើ​សំណង់ ដែល​សាងសង់​ចម្ងាយ​១២០​ម៉ែត្រ​ពី​ព្រំដែន​ជាមួយ​កម្ពុជា​នោះ​ទេ ។

លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​បែប​នេះ ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី «​តើ​កម្ពុជា​ត្រៀមខ្លួន​យ៉ាងដូចម្ដេច​សម្រាប់​ថ្ងៃនេះ​និង​ថ្ងៃស្អែក?​» វេទិកា​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០​នេះ ។

លោក​បណ្ឌិត សុខ ទូច ថ្លែង​បន្ត​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​បំពេញ​ចំនុច​៤​សំខាន់ ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី ដែល​លោក​ថា ស្លាប់​ទៅ​វិញ​ក៏​លោក​រីករាយ​ដែរ​នេះ​ជា​មោទកភាព​របស់​លោក ដែល​រដ្ឋាភិបាល​បាន​ធ្វើ គឺ​បង្គោល​ព្រំដែន ដែល​បន្សល់​ទុក​ពី​បារាំង ត្រូវ​រក្សា​ទុក ដើម្បី​កុំឱ្យ​ប្រវត្តិសាស្ត្រ​ចារ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាត់​ដី​ឱ្យ​វៀតណាម ។ ដី​នៅ​តាម​ព្រំដែន មិន​ត្រូវ​ជួល​ឱ​បរទេស រួម​ទាំង​ការ​សាងសង់​សំណង់​រឹង​ណាមួយ ចម្ងាយ​១៥០​ម៉ែត្រ​ពី​ខ្សែបន្ទាត់​ព្រំដែន ត្រូវ​មានការ​ឯកភាព​ពី​ប្រទេស​ទាំង​ពីរ ។ លោក​បាន​បន្ថែម​ថា ការ​កសាង​ផ្លូវ​តាម​ព្រំដែន​ក៏​ជា​ចំណុច​សំខាន់​មួយ ដែល​ធ្វើ​ឱ្យ​លោក​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​សព្វថ្ងៃ​ផង​ដែរ ។

ជុំវិញ​ករណី​ដែល​វៀតណាម​ប្រែ​តង់​ទៅ​ជា​សំណង់​រឹង នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ថ្មី​ៗ លោក​បាន​លើក​ឡើង​ថា កម្ពុជា​នឹង​មាន​វិធានការ​បន្តបន្ទាប់ ដូច​ជា​ត្រូវធ្វើ​កំណត់​ទូត​សួរ​ទៅ​ភាគី​វៀតណាម និង​ជម្រើស​ចុង​ក្រោយ​ធ្វើ​ប៉ុស្តិ៍​ជា​សំណង់​រឹង​ទល់មុខ​គ្នា តាម​ខ្សែបន្ទាត់​ព្រំដែន​ដូច​វៀតណាម​ដែរ ។

លោក​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ទី​២ បើ​វៀតណាម មិន​ស្តាប់​! កម្ពុជា​អង្វរ​ម្តងទៀត ។ ទី​៣ កម្ពុជា​អាច​ធ្វើ​១២០​ម៉ែត្រ​ទល់​នឹង​ប៉ុស្តិ៍​ហ្នឹង​វិញ ។ អា​ប៉ុស្តិ៍​ប៉ុណ្ណឹង​ថ្លៃ​ប៉ុន្មាន ? អាហ្នឹង​ដូច​គ្នា វៀតណាម​ធ្វើ​បាន កម្ពុជា​ក៏​ធ្វើ​បាន​ដែរ ។ រឿង​អី​ទិញ​ឡាន​អា​តូ​យ៉ូ​តា​ល្អ​ៗ​បាន ធ្វើ​តូប​ប៉ុណ្ណឹង​មិន​បាន ? យើង​អត់​ផ្ចាញ់ផ្ចាល​ទេ ប៉ុន្តែ​យើង​បង្ហាញ​ភាព​ស្មើគ្នា​ក្នុង​ប្រទេស អ្នកឯង​ធ្វើ​បាន កម្ពុជា​ក៏​ធ្វើ​បាន​ដែរ ។ អា​តូប​ប៉ុណ្ណឹង​ធ្វើ​បាន ប៉ុន្តែ​យើង​ធ្វើ​ក្រោយ​វា​» ៕