រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ប្រចាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សត​ម្ថ​កិច្ច​ទាំងអស់​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​ត្រូវ​តែ​ចូលរួម​សហការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ជា​ពិសេស​គឺ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា បើ​បើកបរ​រថយន្ត​ត្រូវ​តែ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ បើកបរ​ម៉ូតូ​គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព ជា​ពិសេស​ហាម​ដាច់ខាត​មិន​ឲ្យ​និយាយ​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ​។

នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ នៅ​គោលដៅ​ផ្លូវ​ស​ព័ន្ធ​រុ​ស្សី មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ធ្វើការ​ឃាត់ និង​ផាកពិន័យ មន្ត្រី​ប៉ូលិស​ចំនួន​២​រូប ដែល​បើកបរ​ម៉ូតូ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ចំណុច​នេះ គឺជា​ការ​បង្ហាញ​គំរូ​មួយ​ដ៏​ល្អ​នៃ​ការ​អនុវត្ត​ច្បាប់​ស្មើភាព​គ្នា​រវាង​មន្ត្រី​អនុវត្តន៍​ច្បាប់ និង​ប្រជាពលរដ្ឋ ។

ជាមួយ​នោះ​ដែរ​មន្ត្រី​ទាំង​២​រូប​ខាងលើ ត្រូវ​បាន​អង្គភាព​បាន​ហៅ​ឲ្យ​ចូលខ្លួន ដើម្បី​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ផង​ដែរ ៕