សៀមរាប ៖ សំណង់ភោជនីយដ្ឋាន តូបលក់ម្ហូបអាហារ សម្លៀកបំពាក់ និងគ្រឿងភេសជ្ជៈផ្សេងៗ ចំនួនប្រមាណ១៥០ខ្នង មុខបរិវេណខាងលិចប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស ត្រូវបានរុះរើរួចរាល់ទាំងស្រុង រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ហើយតម្រូវឲ្យទៅលក់ដូរជុំគ្នា នៅក្នុងបរិវេណនៃបណ្តុំអគារទីលានបដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មី ស្អាត ងាយស្រួល និងមានអនាម័យល្អជាងមុន ។
ចាប់ផ្ដើមតាំងពីឆ្នាំ២០២០ ដោយមានការស្ម័គ្រចិត្ត និងឆន្ទៈរួមចំណែក ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទានទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរុះរើតូបលក់អីវ៉ាន់គ្រប់មុខ ឥឡូវពួកគេបានរុះរើបញ្ចប់ជាស្ថាពរហើយ ដើម្បីរួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក ៕