រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ថ្លែង​ក្នុង​ឱកាស​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​«​ការ​ផ្ដល់​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​»​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ​អោយ​ដឹង​ថា ការ​ផ្តល់​ឈាម​ច្រើន​ដង​ពេក រហូត​ដល់​៣​ដង ក្នុង​មួយ​ខែ ធ្វើ​ឲ្យ​អ្នក​ផ្តល់​ឈាម​ប្រឈម​មុខ នឹង​ការ​កើត​ជំងឺមហារីក​ឈាម និង​ខូច​ខួរឆ្អឹង​កង នៅ​អំឡុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត ។

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បានអោយ​ដឹង​បន្ត​ថា ការ​បរិច្ចាគ​ឈាម​ដែល​ត្រឹមត្រូវ គឺ​ត្រូវ​តែ​មាន​រយៈ ៣​ខែ​ម្តង ប៉ុន្តែ​ការ​បរិច្ចាគ​ឈាម​មិន​ត្រូ​ម​ត្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ។

លោក​វេជ្ជបណ្ឌិត​លើក​ឡើង​បែប​នេះ ព្រោះ​កន្លង​មក​មាន​ជនខិលខូច​មួយ​ចំនួន បាន​បោកប្រាស់​អូស​ទាញ ប្រជាពលរដ្ឋ​មិនសូវ​មានចំណេះ​ដឹង ឲ្យ​លក់​ឈាម​ជា​ប្រចាំ ដោយ​ក្នុង​១​ខែ មាន​អ្នកខ្លះ​បរិច្ចាគ​ឈាម រហូត​ដល់​ទៅ​៣​ដង​ក៏​មាន ហើយ​ជា​ពិសេស​មាន​អ្នកខ្លះ បរិច្ចាគ​ឈាម​ដល់​ទៅ ៥​ដង អំឡុង​រយៈពេល​៣​ខែ ។ ការ​ដែល​អាច​បរិច្ចាគ​លើស​ចំនួន​កំណត់​នេះ ដោយសារ​អ្នក​បរិច្ចាគ​នោះ ក្លែងបន្លំ​អត្តសញ្ញាណ ក្រោម​ការ​ណែនាំ​របស់​ជនខិលខូច ហើយ​ការ​បរិច្ចាគ​នេះ គឺ​ដើម្បី​បាន​ប្រាក់ ។

លោក សុខ ប៉ូ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​បើ​យើង​គិត​មើល វា​មិន​ច្រើន​ទេ ក្នុង​មួយ​ខែ​គាត់​អាច​បាន ១០០​ដុល្លារ ទៅ​២០០​ដុល្លារ​យ៉ាងច្រើន​បំផុត​ហើយ​។ ក៏​ប៉ុន្តែ គាត់​ភ្លេច ! ខ្ញុំ​សូម​ជម្រាប​ថា ការ​បរិច្ចាគ ការ​ដក​កោសិកា​ខុស​ពី​បច្ចេកទេស ១០​ឆ្នាំ​ក្រោយ គាត់​នឹង​ក្លាយទៅជា​ជន ដែល​តាម​សុំ​ឈាម​គេ​វិញ​។ ការ​ដក​កោសិកា​ឈាម​ហួស​កម្រិត ធ្វើ​ឲ្យ​ខួរឆ្អឹង​ខូច​» ។

លោក​សង្កត់ធ្ងន់​ថា សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តី​ពី​ការ​បរិច្ចាគ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស ។

លោក សុខ ប៉ូ បាន​ក្រើនរម្លឹក​ថា អ្នក​ដែល​បរិច្ចាគ​ឈាម​ខុស​បច្ចេកទេស ពេល​កើត​ជំងឺ​ពាក់ព័ន្ធ​នឹង​ខួរឆ្អឹង គឺ​ដេក​រង់ចាំ​ថ្ងៃ​ស្លាប់​តែ​ប៉ុណ្ណោះ ហើយ​ឈឺ​រ៉ាំរ៉ៃ​ជា​និច្ច ។ បន្ថែម​លើ​នេះ គាត់​នឹង​ត្រូវការ​ឈាម​ប្រើប្រាស់​មក​វិញ ដើម្បី​គាំពារ​សុខភាព​រហូត​ដល់​ថ្ងៃ​ស្លាប់ ។

មន្ត្រី​ជំនាញ បញ្ជាក់​បន្ថែម​ថា «​គាត់​មិន​ងាយ​ស្លាប់​ទេ នៅ​ពេល​ដែល​គាត់​ខូច​ខួរឆ្អឹង គឺ​គាត់​រ៉ាំរ៉ៃ​នៅ​ហ្នឹង ។ ដូច​បងប្អូន មួយ​ចំនួន​ដែល​មាន​ជំងឺ​តា​ឡាស់​ស៊ី​មៀ ឬ​ក៏​ជំងឺ​ផ្សេង​ៗ ដែល​ទាក់ទង​នឹង​មហារីក​ឈាម​នេះ ដឹង​ហើយ​ថា ត្រូវ​ប្រើប្រាស់​ឈាម​ជា​ប្រចាំ​» ។

ដោយសារ​មើលឃើញ​ពី​ផល​ប៉ះពាល់​ដល់​ជីវិត ពី​ការ​បរិច្ចាគ​ឈាម​មិន​ត្រឹមត្រូវ មន្ត្រី​ជំនាញ​បាន​ផ្តាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ឈប់​ចាញ់បោក​ជនខិលខូច ហើយ​ក៏​ផ្តាំ​ដល់​ដល់​ជូន​ខិល​ខួច ដែល​រកស៊ី​លក់​ឈាម​ជា​អាជីព ឈប់​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​ទៀត ។ កន្លង​មក ខាង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ពន្យល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជន​ឆ្លៀតឱកាស ឲ្យ​បាន​យល់​ដឹង​ពី​ផល​ប៉ះពាល់​សុខភាព ដែល​បាន​បណ្តាល​មក​ពី​ការ​លក់ដូរ​ឈាម ទាំង​បញ្ហា​សុខភាព និង​បញ្ហា​ផ្លូវច្បាប់​ផង​ដែរ បើ​គិត​តួលេខ​ត្រួស​ៗ អ្នក​ដែល​ត្រូវ​បាន​អប់រំ មាន​ប្រហែលជា ២០០​ទៅ ៣០០​នាក់​ទៅ​ហើយ ៕