រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ២០២០ លោក​ស៊ុ​យ សេ​រិ​ទ្ធ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ និង​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​ដី ខ្សាច់ ថ្ម ក្រួស នៅ​ត្រង់​ព្រំប្រទល់​ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ និង​លាង​សម្អាត​ផ្លូវ ក៏​ដូច​ជា​កាត់​ជម្រះ​ស្មៅ​នៅ​ចំណុច​ច្រក​ផ្លូវ​ចូល សាលា​ខណ្ឌមានជ័យ​ផង​ដែរ ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ការ​ចុះ​ឃាត់​នេះ​ដែរ គឺ​ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ រថយន្ត​ដឹក​ជញ្ជូន​ដី ខ្សាច់ ថ្ម ក្រួស ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ (​មហាវិថី សម្តេច​តេ​ជោ​)​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ពេល​ដឹក​មិន​ត្រូវ​ឱ្យ​ហូរហៀរ ឬ​ប្រឡាក់​លើ​ផ្លូវ​៦០​ម៉ែត្រ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ឬ​ក៏​អាច​ប៉ះពាល់​លើ​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​នេះ​ផង​ដែរ និង​ពិនិត្យ​មើល​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស ។

ជាមួយ​គ្នា​នោះ​ដែរ រថយន្ត​ដែល​ក្រុមការងារ​ឃាត់​បាន​មាន​ចំនួន​៨​គ្រឿង ត្រូវ​យក​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌមានជ័យ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ពិនិត្យ​ទៅ​លើ​អ្នកបើកបរ និង​ពិនិត្យ​មើល​បណ្ណ​បើកបរ រួម​ទាំង​ច្បាប់​អនុញ្ញាត និង​លក្ខណៈ​បច្ចេកទេស ផ្ទុក​លើស​ទម្ងន់ ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប ៕