រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ស្អែក​នេះ អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន នឹង​ប្រគល់​ផែនទី​ឋានលេខា​ព្រំដែន ខ្នាត​១/២៥០០០ ជូន​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចំនួន​៣៥ ដើម្បី​យក​ទៅ​ប្រើប្រាស់ ។

ពិធី​ប្រគល់​នេះ នឹង​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នៃ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក វ៉ា គឹ​ម​ហុង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន រួម​ទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ។

លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រសួង ស្ថាប័ន និង អង្គភាព​ចំនួន​៣៥ នឹង​ទទួល​បាន​ផែនទី​ឋានលេខា​ព្រំដែន​ខ្នាត ១/២៥០០០ ដើម្បី​យក​ទៅ​ប្រើប្រាស់ ។ លោកស្រី​បន្ត​ថា​ផែនទី​នេះ​ជា​ការ​បង្ហាញ​នូវ​សមិទ្ធផល​នៃ​ការ​បោះបង្គោល ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ដែល​សម្រេច​បាន ៨៤​ភាគរយ​។

ផែនទី​ឋានលេខា​ព្រំដែន​គោក​ខ្នាត ១/២៥០០០ ត្រូវ​បាន​ភាគី​វៀតណាម​ធ្វើ​ពិធី​ប្រគល់​និង​ទទួល​ឲ្យ​កម្ពុជា​កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០​នៅ​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​ម៉ុ​កបាយ ខេត្ត​តៃ​និ​ញ​វៀតណាម ដែល​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក វ៉ា គឹ​ម​ហុង និង គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ លោក ឡេ ហួយ​ទ្រុង អនុរដ្ឋមន្ត្រី នៃ​ក្រសួងការបរទេស និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​វៀតណាម​។

ផែនទី​នេះ​នឹង​ប្រគល់​ផែន​ទៅ​ឱ្យ​បណ្តា​ខេត្ត​តាម​ព្រំដែន​កម្ពុជា​វៀតណាម ដោយ​សម្តេច ពិជ័យ​សេនា ទៀ បាញ់ ជា​អ្នកតំណាង​ឱ្យ​សម្តេច ធ្វើការ​ប្រគល់​ផែនទី​នេះ សម្រាប់​ការ​ប្រើប្រាស់​ជា​ព្រំដែន​ផ្លូវការ​រាប់​ទាំង​កងទ័ព​ក៏​ត្រូវ​ប្រើប្រាស់​នូវ​ផែនទី​ហ្នឹង​ដែរ ៕