ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ផលិតកម្ម Galaxy Navatra បានរៀបចំពិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការយ៉ាងអាធិកអាធមបំផុត។

លោក ព្រាប សុវត្ថិ មានកេរ្តិ៍ឈ្មោះល្បីល្បាញ រហូតមកទល់នឹងបច្ចុប្បន្ននេះ គឺដោយសារតែភាពតស៊ូតាំងពីបាតដៃទទេ តាំងពីដើមរហូតមក ពោលគឺតាំងពីឈានជើងចូលធ្វើជាតារាច្រៀង ក្នុងផលិតកកម្មរស្មីហង្សមាស នៅពីឆ្នាំ១៩៩៧ មកទល់ឆ្នាំ២០២០នេះ។

ឆ្លើយតបនឹងសំណួរដែលសួរថា តើមូលហេតុដែលសម្រេចចិត្តចាកចេញពីទ្រនំចាស់រស្មីហង្សមាស មកនៅផលិតកម្ម Galaxy Navatra វិញបែបនេះ តារាចម្រៀងល្បីឈ្មោះ ព្រាប សុវត្ថិ បានបញ្ជាក់ប្រាប់ថា មូលហេតុដែលលោកសម្រេចចិត្តចាកចេញពីរស្មីហង្សមាស គឺដោយសារលោកមានគោលដៅសម្រាប់ជីវិតថ្មីមួយ ពោលគឺក្នុងឆ្នាំ២០២០នេះ ជាពេលវេលាដែលលោកធ្វើអ្វី ជាចំណង់ចំណូលចិត្តរបស់លោក និយាយរួម គឺចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗ ពីលើអ្វីដែលលោកមានស្រាប់នាពេលបច្ចុប្បន្ន និងរកអ្វីដែលថ្មីៗសម្រាប់ជីវិតនាពេលអនាគត។ ម្យ៉ាងវិញទៀត គោលដៅបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍អាស៊ាន តំណាងឲ្យប្រទេសកម្ពុជា នាពេលខាងមុខនេះ ក៏ជារបត់ថ្មីមួយទៀត សម្រាប់រូបលោកលើឆាកអន្តរជាតិ តាមរយៈបទពិសោធថ្មីៗ នៅក្នុងផលិតកម្ម Galaxy Navatra៕