រាជធានី​ភ្នំពេញ ៖ លោក​លី តៅ Li Tao ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង បាន​អះអាង​ថា អាកាសយានដ្ឋាន​តារា​សាគរ នឹង​បញ្ចប់​ការ​សាងសង់​នៅ​ដំណាក់កាល​ទី​១ នៅ​ចុងឆ្នាំ​២០២០​នេះ តាម​គម្រោង និង​ផែនការ​របស់​ក្រុមហ៊ុន ។

ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​រាយការណ៍​ការងារ ជូន​នាយ​ឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ នេះ ។

លោក លី បាន​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ ដែល​បាន​ប្រព្រឹត្ត​ទៅ​តាម​ផែនការ និង​ស្នើ​សុំ​គាំទ្រ​ពី​នាយ​ឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ ដើម្បី​បន្ត​ជួយ​ដល់​គម្រោង​សាងសង់​បន្ថែម​ទៀត ។

នាយ​ឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ បាន​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​បញ្ចប់​ការ​សាងសង់​តាម​ផែនការ និង​បន្ត​គាំទ្រ​សហការ​ជាមួយ​ក្រុមហ៊ុន ធ្វើ​យ៉ាងណា​ឲ្យ​ការ​សាងសង់​បញ្ចប់​ដោយ​ជោគជ័យ ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជំរុញ​កំណើនសេដ្ឋកិច្ច និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

សូម​បញ្ជាក់​ថា អាកាសយានដ្ឋាន​អន្ដរជាតិ​តារា​សាគរ ស្ថិត​ក្នុង​ខេត្តកោះកុង ត្រូវ​បាន​គេ​ដឹង​ថា មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៣,៨ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្ថិត​ក្រោម​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ថា Union Development Group និង​ត្រូវ​បាន​វិនិយោគ​លើ​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ទំហំ​ផ្ទៃដី​សរុប ៤,៥ ម៉ឺន​ហិ​កតា ៕