ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស ១៤​នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ដែល​មាន​ស្លាក​យីហោ ប៊ី​ក្លឹ​ប ស្ថិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោកស្រី​ឧត្តមសេនីយ៍ត្រី ហួ​ន គឹ​ម​ហេង ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​កម្លាំង​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ ។

បើ​តាម​លោកស្រី ឧត្តមសេនីយ៍ត្រី ហួ​ន គឹ​ម​ហេង បាន​បញ្ជាក់​ថា កម្លាំង​នគរបាល បាន​លប​ឆ្មក់​ចូល​បង្ក្រាប​ជាក់ស្តែង ឃើញ​មាន​នារី​បម្រើសេវា​ខា​អូ​ខេ មាន​ចំនួន​១៤​នាក់ ក្នុង​បន្ទប់​ចំនួន​០៥ និង​រឹបអូស​បាន​សម្ភារ​ដែល​បម្រើ​ឱ្យ​សេវា​ខា​រា​អូ​ខេ​មួយ​ចំនួន ។ ចំណែក​ស្ត្រី​បម្រើសេវា​ខារ៉ាអូខេ គ្រាន់តែ​អប់រំ​ណែនាំ​ពន្យល់​ហេតុផល នៃ​ការ​ប្រមូលផ្តុំ ប្រឈម​នឹង​ការ​ងាយ​ឆ្លង កូ​វី​ដ​-១៩ រួច​ក៏​អោយទៅ​កន្លែង​វិញ ។

លោកស្រី ឧត្ដមសេនីយ៍ត្រី ស្នងការ​ង បាន​ញ្ជា​ក់ថា ស្រប​ពេល ដែល​ជំងឺ​កូ​វី​ដ​-១៩ មិន​ទាន់​ស្ងប់ស្ងាត់ ក្នុង​ប្រទេស​កម្ពុជា គ្រប់​សេវាកម្ម​ខារ៉ាអូខេ ខ្លឹ​ប​កម្សាន្ត ដែល​មានការ​ប្រមូលផ្តុំ មនុស្ស​ច្រើន​ទាំងអស់​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ផ្អាក​សកម្មភាព ដើម្បី​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង ៕