រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ កិច្ចការ​ព្រំដែន​កម្ពុជា ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា បាត់ដី​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោយ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ។

ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ទៅ​កាន់ ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី អោយ​បើក​សិក្ខាសាលា​មួយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ សិស្ស និស្សិត​ចូល​ស្តាប់ និង​សួរ​អំពី​រឿង​ព្រំដែន ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដើម្បី​បូក​សរុប​ការងារ​ឆមាស​ទី​៤ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ ។

ជាមួយ​គ្នា​នេះ លោក ឈឹ​ម ផល​វរុណ បញ្ជាក់​នៅ​ក្រោយ​កិច្ចប្រជុំ​ព្រឹក​មិ​ញ​ថា បញ្ហា​ព្រំដែន​ជា​ប្រធានបទ​សំខាន់​មួយ​នៅ​ក្នុង​ការ​ប្រជុំ​នោះ ។ លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ណា​ដែល​មាន​មន្ទិល​រឿង​ព្រំដែន​ថា បាត់ដី សូម​ជួប និង​បង្ហាញ​លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត ។

លោក ឈឹ​ម ផល​វរុណ បានអោយ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ដដែល​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​គណៈរដ្ឋមន្ត្រី​រៀបចំ​វេទិកា ដើម្បី​ទទួល​ប្រជាពលរដ្ឋ ចូល​មក​ស្តាប់​បទ​បង្ហាញ​លើ​ការងារ​ព្រំដែន​នេះ​ផ្ទាល់ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ផង​ដែរ ។ បញ្ហា​ព្រំដែន​នៅ​តែ​ជា​រឿង​រសើប​ក្នុង​សង្គម​កម្ពុជា ខណៈ​ដែល​ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​និង​វៀតណាម បាន​ជិត​បញ្ចប់​នៅ​សល់​ប្រមាណ​១៤%​ទៀត​ប៉ុណ្ណោះ ។

សកម្មជន​សិទ្ធិ​មនុស្ស អ្នកនយោបាយ​មួយ​ចំនួន ដូច​ជា​លោក រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ បន្ទាប់​ពី​បាន​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​នេះ ៕