ខេត្តកំពង់ស្ពឺ ៖ ប្រភព​ពី​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ព្រលប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ បានអោយ​ដឹង​ថា បន្ទាប់​ពី​សាកសួរ​រួច លោកស្រី ទិ​ត្យ ដា​លី​ន ចៅក្រម​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន មន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចំនួន​៧​នាក់ ដាក់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ជា​បណ្ដោះអាសន្ន ។

ក្រុម​មន្ត្រី​ប៉ូលិស​ទាំង​៧​នាក់​នោះ រួម​មាន ៖ ១.​លោក​វរសេនីយ៍ទោ កង ភា​រី អធិការរង​ទទួល​ការងារ​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ជា​អ្នក​នាំអាទិ៍ (​បាញ់​២​ដង ច្រើន​គ្រាប់​), ២. លោក​អនុសេនីយ៍ឯក ដ​ន សុខុម ឋានៈ​នាយ​រង​ផ្នែក​សន្តិសុខ បាញ់​ចំនួន​២​គ្រាប់​, ៣.​លោក​អនុសេនីយ៍ត្រី ព្រីង ឡង​ឌី ឋានៈ​នាយ​រង​ប៉ុស្តិ៍​វ​ល្លិ៍​ស បាញ់​ចំនួន​២​គ្រាប់​, ៤.​លោក​អនុសេនីយ៍ត្រី តាន់ សៅ​លី ឋានៈ​នាយ​រង​ផ្នែក​គ្រឿងញៀន បាញ់​ចំនួន​២​គ្រាប់​, ៥.​លោក​អនុសេនីយ៍ត្រី ម៉ា​ន់ ប៊ុ​ណ្ណា​រ៉ា ឋានៈ​នាយ​រង​ផ្នែក​គ្រឿងញៀន បាញ់​ចំនួន​០២​គ្រាប់​, ៦.​លោក​ព្រិ​ន្ទ​បាល​ទោ ឌី សូ​ភក្តិ ឋានៈ​មន្ត្រី​ប៉ុស្តិ៍​ទំព័រ​មាស បាញ់​ចំនួន​០២​គ្រាប់ និង​លោក ម៉ា​ន់ ប៊ុ​ណ្ណា​រែក ។

គួរ​បញ្ជាក់​ថា លោក កង ភា​រី ហៅ អា​ខ្មៅ និង មន្ត្រី​អធិការដ្ឋាន ៦​នាក់​ទៀត បាន​ជួបជុំ​គ្នា​ផឹកស៊ី នៅ​សាលាស្រុក សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៨-១៩ ខែសីហា ឆ្នាំ ២០២០ ពេល​ស្រវឹង​ក៏​នាំ​គ្នា​បាញ់បោះ​សេរី បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​ស្នងការ​ដើម្បី​ចាត់វិធានការ ។

បន្ទាប់​ពី​មាន​ហេតុការណ៍​បាញ់បោះ​សេរី​ជា​បន្តបន្ទាប់​មក ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​បញ្ជា​អោយ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​មន្ត្រី​នគរបាល​ទាំង ៧​នាក់ នេះ​ទៅ អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕