ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​២៤ សីហា ២០២០ សង្កាត់​រដ្ឋបាល​ជលផល កំពង់​លួង ដឹកនាំ​ដោយ លោក យូ សុវិចិត្រ សហការ​ជាមួយ​កម្លាំងយោធា នៃ​តំបន់​ប្រតិបត្ដិការ​សឹក​រង ខេត្ដពោធិ៍សាត់ បាន​ចេញ​ប្រតិបត្ដិការ បង្ក្រាប​បទល្មើស​នេសាទ ក្នុង​បឹង​ទន្លេសាប នៃ​ខេត្តពោធិសាត់ ចាប់ពី​ចំណុច​ឃុំ​ក្បាល​ត្រាច រហូត​ដល់​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​ជា​លទ្ធផល​បង្ក្រាប​បាន ២​ករណី និង​បាន​រុះរើ និង​បំផ្លាញ​ឧបករណ៍​នេសាទ ដែល​ជា​វត្ថុ​តាង រួម​មាន របាំង​ស្បៃ​មុង ៤ ប្រវែង ៨០០​ម៉ែត្រ លូ​កង​ស្បៃ​មុង ចំនួន ៦​មាត់ របាំង​សាច់​អួន ២ ប្រវែង ៧០០ ម៉ែត្រ ក្បាល​បរ ចំនួន​២​គ្រឿង បង្គោល​ចំរឹង ចំនួន ៦០០​ដើម និង​បាន​ចាក់​លែង កូន​ត្រី​ចំរុះ ១៥​គីឡូក្រាម ។

ដោយឡែក នៅ​ខេត្តកំពង់ឆ្នាំង​វិញ នៅ​ថ្ងៃ​ទី​២៤ សីហា ២០២០ នេះ​ដែរ​ចាប់ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​០២​និង​៣០​នាទី​រសៀល កម្លាំង​នគរបាល​ស្រុក​កំពង់លែង​ចំនួន​៣​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សៀង ប៊ុ​ន​សាន អធិការរង ទទួល​ការងារ​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ចម្រុះ​សរុប​ចំនួន ២៥​នាក់ ក្នុង​នោះ​រួម​មាន ៖ ១-​អភិបាលស្រុក ០១ នាក់​, ២-​ខណ្ឌ​រដ្ឋបាល​ជលផល ១២ នាក់​, ៣-​នគរបាល​ស្រុក ០៣ នាក់​, ៤-​កងរាជអាវុធហត្ថ​ស្រុក ០៣ នាក់ និង​៥-​សហគមន៍ ០៦ នាក់ ។

ដឹកនាំ​រួម​ដោយ លោក​លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក ចេ​ង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច ក្រោម​ទំនប់​ស្រុក ក្នុងភូមិ​សាស្ត្រ ឃុំ​ស្វាយ​រំពារ និង​នៅ​ចំណុច​បាយ​ឆៅ ក្នុងភូមិ​សាស្ត្រ ឃុំ​សំរោង​សែន ដោយ​ប្រើប្រាស់​មធ្យោបាយ បា​ឡា​ស្មាច់ ចំនួន ០៨​គ្រឿង ។

ជា​លទ្ធផល​បាន​ធ្វើការ​រុះរើរ​បាំងសាច់​អ៊ួ​ន​ក្រឡា​ញឹក​បាន​ចំនួន​២៨ កន្លែង ប្រវែង ១៤០០ ម៉ែត្រ​, លប​លូ ៥៦ លូ​, បង្គោល ៨០០ ដើម​, ប្រ​លេង​កូន​ត្រី​ចម្រុះ ៤០​គីឡូក្រាម សម្ភារ​និង​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្រុក​កំពង់លែង ។

ករណី​បង្ក្រាប បទល្មើស​នេសាទ​នៅ​ក្នុង​រដូវ​ហាមឃាត់ ត្រី​ពង​កូន​នេះ គេ​មើលឃើញ​ថា បាន​ធ្វើ​ឡើងជា​ប្រចាំ តែ​មិន​បាន​ឃាត់ខ្លួន ជនសង្ស័យ​ណា​នោះ​ឡើយ គ្រា​ដែល​សមត្ថកិច្ច​ទៅ​ដល់ ជនល្មើស​គេចខ្លួន​បាត់​មុន​ទៅ​ហើយ ៕