ខេត្តកំពង់ស្ពឺ ៖ ប្រភព​ពី​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា គេ​សង្កេត​ឃើញ​លោក​ឧត្ដមសេនីយ៍​ផ្កាយ​បី នៅ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ​ម្នាក់ កំពុង​រត់ការ​ខ្វែងដៃខ្វែងជើង ដើម្បី​អន្តរាគមន៍​សុំ​អោយ តុលាការ​ដោះ​លែង មន្ត្រី​នគរបាល​បាញ់បោះ​សេរី នៅ​ស្រុក​សំរោង​ទង ខេត្ត កំពង់ស្ពឺ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​លោក ផែង វណ្ណៈ ។

លោក ផែង វណ្ណៈ អោយ​ដឹង​ថា «​សំណូមពរ​លោក​ឧត្តមសេនីយ៍​ផ្កាយ​បី មេត្តា​ដកខ្លួន​ថយ​អោយ​លឿន បើ​មិន​ចង់អោយ​ខ្ញុំ​បញ្ចេញ​ឈ្មោះ ។ ករណី​នេះ ទុក​អោយ​តុលាការ ចាត់ការ​តាម​ច្បាប់​ទៅ កុំមក​រត់ការ ឬ​ជ្រៀតជ្រែក​ការងារ​តុលាការ ។ ពាក់​ផ្កាយ​បម្រើ​ជាតិ និង​ប្រជាជន កុំ​ពាក់​ផ្កាយ​ដើរ​រត់ការ កាង​បទល្មើស​» ។

សូម​ជម្រាប​ថា លោក​វរសេនីយ៍ទោ កង ភា​រី អធិការរង​ទទួល​ការងារ​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង និង កូនចៅ​៦​នាក់ ពេល​ផឹកស៊ី​ស្រវឹង នាំ​គ្នា​បាញ់បោះ​សេរី យ៉ាង​អនាធិបតេយ្យ នៅ​ក្នុង​បរិវេណ​សាលាស្រុក​សំរោង​ទង ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ នៅ​វេលា​ថ្ងៃត្រង់​ទី​២២ ខែសីហា ឆ្នាំ​២០២០ នេះ​។

ជនសង្ស័យ​៧​នាក់ ឈ្មោះ កង ភា​រី ម្ចាស់​កាំភ្លើង ឡុ​ក , ឈ្មោះ កាន់ សៅ​លី ម្ចាស់​កាំភ្លើង ឡុ​ក , ឈ្មោះ ដ​ន សុខុម អ្នក​បាញ់ , ឈ្មោះ ម៉ា​ន់ ប៉ុណ្ណា​រ៉ា អ្នក​បាញ់ , ឈ្មោះ ម៉ា​ន់ ប៊ុ​ន​ណ្ណា​រែក អ្នក​បាញ់ , ឈ្មោះ នី សុភា​ក់ អ្នក​បាញ់ និង ឈ្មោះ ព្រីង ឡង់​ឌី អ្នក​បាញ់ ។

យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ លោក កង ភា​រី បាន​យក​អាវុធ​ខ្លី​របស់​ខ្លួន​មួយ​ដើម​ម៉ាក Lock ធ្វើ​សកម្មភាព​ឈរ​បាញ់បោះ​សេរី​ចំនួន​៣​គ្រាប់ នៅ​ក្នុង​បរិវេណ​សាលាស្រុក​សំរោង​ទង ពី​ខាងត្បូង​ចំណុច​មាត់​ស្រះ​ទឹក ។ លុះដល់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨៖៣០​នាទី លោក កង ភា​រី បាន​នាំ​កូនចៅ​ផឹកស៊ី​ស្រវឹង អួតអាង ហើយ​បាន​យក​កាំភ្លើង​មក​ឈរ​បាញ់បោះ បន្ថែម​ទៀត ។

ប្រជាពលរដ្ឋ បាន​រិះគន់​បញ្ហា​នេះ ថា ខ្លួន​ជា​សមត្ថកិច្ច គប្បី​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ មិន​គួរ​ណា ផឹកស៊ី​ស្រវឹង អាង​បាញ់បោះ​សេរី បែប​នេះ សោះ ។ ទន្ទឹម​នេះ ប្រជាពលរដ្ឋ ក៏​បាន​គាំទ្រ​ចំណាត់ការ​របស់​ថ្នាក់លើ ផង​ដែរ ដែល​បាន​ចាត់វិធានការ ភ្លាម​ៗ ចំពោះ​លោក កង ភា​រី ៕