រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា​នេះ លោកស្រី បុប្ផា ផា​នី អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​បិទ​អាជីវកម្ម​យានដ្ឋាន​កែ​ច្នៃ និង​ជួសជុល​រថយន្ដ​ខុសច្បាប់ ជាង​៤០​ទីតាំង ក្នុង​ចំណោម​ប្រមាណ​១១០​ទីតាំង ក្នុង​ខណ្ឌ​សែន​សុខ ។

លោកស្រី បុប្ផា ផា​នី បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ រក​ឃើញ​យានដ្ឋាន​ជួសជុល​រថយន្ដ​ខុសច្បាប់​ខាងលើ គឺ​ធ្វើ​ឡើង​តាម​អនុ​សាស ន៍​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ការ​ណែនាំ​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ពិនិត្យ​ភាព​ស្របច្បាប់ និង​បិទ​ចោល​នូវ​យានដ្ឋាន​ទាំងឡាយ​ណា ដែល​គ្មាន​ច្បាប់​អនុញ្ញាត ។

លោកស្រី បុប្ផា ផា​នី បាន​បញ្ជាក់​ទៀត​ថា មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​បិទ​អាជីវកម្ម​ទីតាំង​យានដ្ឋាន​កែ​ច្នៃ ដែល​នៅ​សេសសល់ មិន​ទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​អស់ទាំង​ស្រុង ។ បច្ចុប្បន្ន យានដ្ឋាន​ជួសជុល​រថយន្ត​ក្នុង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន​៩៧១​ទីតាំង ក្នុង​នោះ​គ្មាន​ច្បាប់​អនុញ្ញាត ចំនួន​៣៩០​ទីតាំង ដែល​មន្ទីរ​ជំនាញ នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​បិទ​អាជីវកម្ម​ជា​បន្ដបន្ទាប់​ទៀត ។

គួរ​រម្លឹក​ថា កាលពី​ពេល​កន្លង​ទៅ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​រួម​គ្នា​ដើម្បី​ពិនិត្យ និង​ចាត់វិធានការ​ចំពោះ​យានដ្ឋាន​កែ​ច្នៃ​រថយន្ដ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ព្រោះ​ការ​ដំណើរការ​ឲ្យ​គ្មាន​ច្បាប់ ហើយ​កែ​ច្នៃ​មិន​ត្រឹមត្រូវ​បាន​លក្ខណៈ​បច្ចេកទេស ក៏​ជាដើម​ចម​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ៕