ខេត្តកំពង់ចាម ៖ ក្រសួងសុខាភិបាល សូម​គោរព​ជម្រាប​ជូន​សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ករណី​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ស្លាប់​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​នោះ មិនមែន​ជា​ករណី​ជំងឺ​កូ​វី​ដ​-១៩​ឡើយ គឺ​ដោយសារ​ជំងឺ​គាំងបេះដូង ពេល​កំពុង​រួម​ភេទ​ជាមួយ​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​បាន​កើតឡើង​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ ។

តាម​របាយ​ការ​ណ៌​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២១ សីហា​នេះ មាន​បុរស​ជនជាតិ អាយុ ៤៦​ឆ្នាំ បាន​មក​លេង​ផ្ទះ​សង្សារ​គាត់​ដែល​ជា​ស្ត្រី​ខ្មែរ អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​អូរ​ស្វាយ​កើត ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម​។ លុះដល់​ម៉ោង ៣​ជិត​ភ្លឺ គាត់​ក៏​បាន​គាំងបេះដូង​ស្លាប់​ពេល​កំពុង​រួម​ភេទ (​តាម​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច​យ័​) និង​ស្ត្រី​ជា​សង្សារ ក៏​បាន​បញ្ជាក់​ប្រាប់​ក្រុម​គ្រូពេទ្យ​ថា បុរស​ជនជាតិ​ចិន​រូប​នេះ បាន​ស្លាប់​ពេល​កំពុង​រួម​ភេទ​ដែរ ។

ជនជាតិ​ចិន​ដែល​បាន​ស្លាប់​ខាងលើ​នេះ ជា​មេការ​សំណង់​នៅ​រាជធានី​ភ្នំពេញ បាន​ប្រតិព័ទ្ធ​ស្រឡាញ់​គ្នា​ជាមួយ​ស្ត្រី​ខាងលើ​ប្រហែល​ជាមួយ​ឆ្នាំ​ហើយ​ៗ​បុរស​ជនជាតិ​ចិន​រូប​នេះ តែងតែ​មក​លេង​ស្រុក​ខាង​ស្ត្រី និង​ជួប​ស្ត្រី​នេះ​ម្តង​ៗ មុន​ពេល​ដែល​មាន​ហេតុ​ការ​ណ៌​ស្លាប់​ខាងលើ​នេះ ។

ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​យក​វត្ថុ​សំណាក​ពី​សាកសព​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ដដែល បញ្ជូន​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​លទ្ធផល​បាន​បញ្ជាក់​ថា សព​គ្មាន​ផ្ទុក​នូវ​វីរុស​កូ​វី​ដ​-១៩ នោះ​ទេ ។ ដូច្នេះ ករណី​ស្លាប់​ភ្លាម​ៗ​ពេល​រួម​ភេទ​នេះ គឺ​បណ្តាល​មក​ពី​ការ​ឡើង​ឈាម​ខ្លាំង ធ្វើ​ឲ្យ​គាំងបេះដូង​តែ​ម្តង ។

បច្ចុប្បន្ន ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម និង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដឹក​យក​សាកសព​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដោយ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ៕