រាជធានី​ភ្នំពេញ ៖ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ទៅ​ព្យាបាល​ព្រះ​រោគ​នៅ​ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ។

សម្ដេច​ព្រះពុទ្ធ​ជ័យ មុនី ឃឹម​សន ព្រះ​មេគុណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​អាគារ​ធិ​កា​រង ពុទ្ធិកសិក្សា​ជាតិ ព្រះប្រធាន​លេខាធិការដ្ឋាន គណៈសង្ឃ​នាយក មាន​ថេរ​ដីកា​ថា សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស បាន​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាព​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​-​បា​វិត បន្ទាប់​ពី​សុខភាព​របស់​ព្រះ​អង្គ​បាន​ចុះ​ខ្សោយ ។

ព្រះ​អង្គ​បន្ត​ថា សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស មាន​សុខភាព​ខ្សោយ​ជាង​មុន ព្រោះ​សម្ដេច​អង្គ​មាន​ព្រះ​ជន្មាយុ​ច្រើន​ព្រះ​វស្សា ហើយ​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ពេល​នេះ គឺ​ធ្វើ​តាម​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត​ប្រទេស​វៀតណាម រៀង​រាល់​៦​ខែ​ម្ដង ។

បច្ចុប្បន្ន សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស មាន​ព្រះ​ជន្មាយុ ៨៩​ព្រះ​វស្សា ៕