ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ព្យាយាម​រាយ​ខ្សែភ្លើង​ចេញពីផ្ទះ ដើម្បី​ឆក់​ត្រី​ក្នុង​ប្រឡាយ ប៉ុន្តែ​ភ្លាត់ស្នៀត​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ខ្លួនឯង បាន​បាត់បង់​ជីវិត​ក្នុង​ទឹក​ប្រឡាយ គួរ​អោយ​អាណោចអាធ័ម ។

ហេតុការណ៍​អកុសល​នេះ បាន​កើតឡើង​នៅ​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ សីហា ២០២០ ត្រង់​ចំណុច​ប្រឡាយ​ខាងជើង ចម្ងាយ​ប្រមាណ​៧០​ម៉ែត្រ ពី​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ត្រាង សង្កាត់​ស្វាយ​អាត់ ខេត្តពោធិ៍សាត់ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឃ​ន ឃី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ បាន​រាយ​ខ្សែភ្លើង​ចេញពីផ្ទះ​ចំនួន​២​ដុំ ភ្ជាប់​ជាមួយ​ឬ​ស្សី​មាន​ដែក ប្រវែង​ប្រមាណ​ជាង​៣​ម៉ែត្រ ចំនួន​២​កំណាត់ ក្នុង​គោលបំណង​ឆក់​ត្រី ប៉ុន្តែ​ក៏​ត្រូវ​ភ្លាត់ស្នៀត​បែប​នេះ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ខ្លួនឯង​ពិតប្រាកដ​មែន ក្រោយ​ធ្វើ​កំណត់ហេតុ​រួច​ហើយ និង​បាន​ប្រគល់​សព​ជូន​សាច់ញាតិ ដើម្បី​ទទួលយក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕