ភ្នំពេញ៖ មហាជនជាច្រើនបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញលិខិតមួយដែលបង្ហោះដោយលោក ហេង ឡុង មុននេះបន្តិចត្រង់ឃ្លាមួយថា «លិខិតអញ្ជើញ កម្មវិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុន Galaxy Navatra Group» ។

មួយរយៈខ្លីចុងក្រោយនេះ មានព័ត៌មានចរចាមអារ៉ាមថា លោក​ ព្រាប​ សុវត្ថិ​ ត្រូវបានលោកឧញ៉ា ឡេង​​ ណាវ៉ាត្រា ទាក់ទាញចូលធ្វើជាតារាចម្រៀងក្នុងផលិតកម្មរបស់ខ្លួន ក្នុងតម្លៃខ្លួនជាច្រើនម៉ឺនដុល្លារ តែគេមិនដឹងថា​កំពូលតារាចម្រៀងរូបនេះសម្រេចចិត្តយ៉ាងណានោះឡើយ ។

សូមបញ្ជាក់ថា យោងតាមលិខិតដែលបង្ហោះដោយលោក ហេង​ ឡុង ខាងលើនេះ ត្រង់ឃ្លា «លិខិតអញ្ជើញ កម្មវិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុន Galaxy Navatra Group» មិនច្បាស់ថា តើលោក ព្រាប សុវត្ថិ ចាកចេញពីផលិតកម្មរស្មីហង្សមាស ទៅច្រៀងឲ្យផលិតកម្ម Galaxy Navatra មែន ឬក៏លោកអាចគ្រាន់តែចូលទៅកាន់ ក្រុមហ៊ុន Galaxy Navatra Group ដើម្បីសហការធ្វើការងារអ្វីមួយរួមគ្នា ។ ដូច្នេះ ព័ត៌មានពិតយ៉ាងណានោះ ក្រុមការងារយើងនឹងចុះផ្សាយបន្ត ៕