រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ២០២០​នេះ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ថា ករណី​ព្រះសង្ឃ​២៨​អង្គ នៅ​វត្ត​នាង​ខ្មៅ ស្ថិត​ក្នុងភូមិ​ចា ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ គឺ​គ្រាន់តែ​មាន​ជំងឺ​ផ្ដាសាយ​ឆ្លង​បន្ត​ពី​មួយ​អង្គ ទៅ​មួយ​អង្គ​ប៉ុណ្ណោះ ។

បើ​តាម​អាជ្ញាធរ​ខេត្តតាកែវ​រួម​មាន​៖ លោកស្នងការ​រង​ផែន​សន្តិសុខ អភិបាលរង​ស្រុក​សំរោង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​មេឃុំ ចុះ​ដល់ទី​តាំង​វត្ត​ផ្ទាល់ ពិនិត្យ​ឃើញ​ថា ព្រះសង្ឃ​មាន​ជំងឺ​ផ្ដាសាយ សរុប​ចំនួន​២៨​អង្គ អាជ្ញាធរ​ស្នើ​សុំ​ឲ្យ​គង់នៅ​ក្នុង​គុ​ដិ​ដោយឡែក និង​ពួក​គាត់​ត្រៀមខ្លួន​សហការ​តាម​ជំនាញ​របស់​សុខាភិបាល ។

គួរ​ជម្រាប​ថា ព្រះ​ចៅអធិការ​វត្ត និង​ព្រះសង្ឃ​ផ្សេង​ទៀត មាន​អាកា​រៈ​ផ្ដាសាយ ហើយ​ទៅ​ព្យាបាល​នៅផ្ទះ​គ្រូពេទ្យ​ជាប់​វត្ត ដែល​ជា​គ្រូពេទ្យ​ប្រចាំ ជា​បន្តបន្ទាប់ ហើយ​គ្រូពេទ្យ​មិន​យក​ថវិកា ទើប​ចៅអធិការ​វត្ត បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថ្លែងអំណរគុណ​ដល់​គ្រូពេទ្យ ហើយ​ប្រជាពលរដ្ឋ​ក៏​យក​ព័ត៌មាន​ដែល​ចៅអធិការ​វត្ត​បង្ហោះ​នោះ ផ្សព្វផ្សាយ​បន្ត​គ្នា ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល រហូត​មានការ​ទំនាក់ទំនង ចូល​ទៅ​លេខ​១១៥ សុំ​អន្តរាគមន៍ ចុះ​ពិនិត្យ​តែ​ម្តង ៕