នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីនណេតាន់យ៉ាហ៊ូ បានលើកឡើងថាកិច្ច ព្រមព្រៀង សន្តិភាពជាមួយបណ្តាប្រទេសអារ៉ាប់ជាច្រើន អាចធ្វើទៅបានបន្ទាប់ពីមានកិច្ច ព្រមព្រៀងដើម្បីធ្វើឱ្យចំណងទាក់ទងមានសភាពប្រក្រតីវិញជាមួយប្រទេសអារ៉ាប់រួម។

លោកនេតាន់យ៉ាហ៊ូ បានអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍Fox News ជាលើកដំបូង ចាប់តាំងពីបានព្រមព្រៀងដើម្បីបង្កើតទំនាក់ទំនងការទូតជាមួយ ប្រទេសអារ៉ាប់រួម។ លោក នេយ៉ាហ៊ូ បាននិយាយថាបណ្តាប្រទេសដែលធ្លាប់ចាត់ទុក ប្រទេស អ៊ីស្រាអែល ជាសត្រូវ ឥឡូវនេះមើលឃើញរដ្ឋជ្វីហ្វមួយនេះ ជាសម្ព័ន្ធមិត្តដែល មិនអាចខ្វះបាន។ លោកបាននិយាយទៅកាន់មេដឹកនាំប្រទេសអារ៉ាប់ ថា ប្រសិនបើយើង ចូលរួមកម្លាំងគ្នា នោះយើងអាចធ្វើរឿងអស្ចារ្យ រឿងដ៏គ្មានព្រំដែន សម្រាប់ជាប្រយោជន៍ ដល់ប្រជាជន សុខុមាលភាព និងសុវត្ថិភាពរបស់ពួកគេ។

រដ្ឋមន្រ្តីស៊ើបការណ៍សម្ងាត់ បានប្រាប់ស្ថានីយ៍វិទ្យុក្នុងស្រុកមួយថា កិច្ចព្រមព្រៀង បន្ថែម អាចនឹងមានជាមួយបណ្តាប្រទេសឈូងសមុទ្រជាច្រើនទៀតនិងជាមួយប្រទេសមូស្លីម នៅ តំបន់ទ្វីបអាហ្វ្រិក។

ទីភ្នាក់ងារសារព័ត៌មាន អ៊ីស្រាអែល បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល និងអារ៉ាប់រួម បានទទួលស្គាល់គ្នាជាសាធារណៈ តាមទូរស័ព្ទជាលើកដំបូង បន្ទាប់ពីរដ្ឋឈូងសមុទ្របានបើកបណ្តាញទូរស័ព្ទទៅកាន់ប្រទេសអ៊ីស្រាអែល។