ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះថា មេខ្លោងជួញដូរគ្រឿងញៀន២នាក់ ដែលបាញ់តដៃជាមួយសមត្ថកិច្ចនៅក្នុងទឹកដីកោះពេជ្រ ត្រូវបានបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់ហើយ។

កាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អ៊ំ សុភក្តិ បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្រា្កប នៅចំណុចផ្លូវ១៤៣ ជិតវង្វង់មូលផ្សារសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ អ៊ី រឹស៊ី (YI RISHI) ភេទប្រុស ឆ្នាំ១៩៩៥ ជនជាតិចិន និងចាប់យកវត្ថុតាង រួមមាន៖សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ប្រមាណ២៥ក្រាម។

លុះដល់ម៉ោង២១និង៤០នាទី សមត្ថកិច្ចបានបន្តស្រាវជ្រាវតាមឃាត់ខ្លួនមេខ្លោង ដែលលាក់ខ្លួននៅបន្ទប់ លេខ៧២១ របស់ខុនដូរ ព្រីនស៍ ដាយមិន ( Prince Diamond ) ក្បែរមជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ យ៉ាវវ៉ាឡាក់ កេតសា (YAOWALAK KETSAL) ភេទស្រី ជនជាតិថៃ ។

ប៉ុន្តែពេលចូលបង្ក្រាបជនសង្ស័យនោះ ស្រាប់តែមានមេខ្លោងម្នាក់ ភេទប្រុស បានចេញពីបន្ទប់ហើយបាញ់ស្រោចមកលើកម្លាំងសមត្ថកិច្ច ដោយកាំភ្លើងខ្លីប្រមាណ ៥-៦គ្រាប់ ។ សមត្ថកិច្ចបានតបតការពារខ្លួនវិញ ធ្វើឱ្យជនសង្ស័យជាមេខ្លោងនោះរត់គេចខ្លួនបាត់ ។ ពេលនោះក៏មានវត្តមានលោក ឃួង ស្រេង គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះទៅកន្លែងកើតហេតុផងដែរ។

រហូតព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវតាមចាប់មេខ្លោងទាល់តែបាន និងចាប់យកវត្ថុតាងគ្រឿងញៀន សរុបទម្ងន់ ១៩៥៨.២៣ក្រាម រួមមាន ៖១-មេតំហ្វេតាមីន Ice) ទម្ងន់ ៨៤៣.០៩ក្រាម,២-កេតាមីន ketamine) ០១៥.៥១ក្រាម, ៣-កញ្ឆាក្រៀម ទម្ងន់ ៩៩.៦៣ក្រាម, ជញ្ជីង៧គ្រឿង, រថយន្តធុនត្រា១គ្រឿង, ទូរស័ព្ទ២គ្រឿង, អាវុធខ្លី១ដើម ម៉ាក CaL9mmPAK ដែលជនល្មើសបាញ់មកលើសមត្ថកិច្ច ហើយបោះចោល និងគ្រាប់ចំនួន១៥, សំបកគ្រាប់ចំនួន៥, ខោអាវប្រឡាក់ស្នាមឈាម និងសម្ភារៈកែច្នៃវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត៕