ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ពាក់ព័ន្ធករណី ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្ម កាលពីវេលាម៉ោង២៣ និង៥០នាទី យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ GO HENDRY SUNDJAYA ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរលក់សម្លៀកបំពាក់តាមប្រព័ន្ធអនឡាញ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

វត្ថុតាងចាប់យកបាន រួមមាន៖ទូរស័ព្ទដៃ០២គ្រឿង (ម៉ាក Iphone6 ១គ្រឿង និងម៉ាក Iphone7 Plush ១គ្រឿង), កាតផ្សេងៗ ១៨សន្លឹក, លិខិតឆ្លងដែន០១ក្បាល (របស់ជនសង្ស័យ), កាបូបលុយ ០២, កាបូបដាក់កាត១, កាបូបស្ពាយចំហៀង១…។

មុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានជិះល្បាតតាមផ្លូវ។ ពេលដល់មុខអាកាសយានដ្ឋានអន្តរជាតិ(កងកេង) ក្នុងឃុំរាម ស្រុកព្រៃនប់ បានប្រទះឃើញជនជាតិ ឥណ្ឌូនេស៊ី ០១នាក់ ភេទប្រុស កំពុងអង្គុយនៅចិញ្ចើមផ្លូវ ហើយនៅលើខ្លួនជនជាតិឥណ្ឌូនេស៊ីនោះ មានស្នាមរបួសជាច្រើនកន្លែង ជាពិសេសនៅត្រង់កដៃ និងកជើង មានស្នាមចងរឹតេ បណ្តាលឱ្យដាច់រលាត់ស្បែក កម្លាំងសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ និងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាជនជាតិឥណ្ឌូនេស៊ី ដូចគ្នាភេទប្រុស ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ជនរងគ្រោះបង្ខាំងទុក និងធ្វើទារុណកម្មពិតប្រាកដមែន ដោយខ្លួនឃុំជនរងគ្រោះទុកនៅក្នុងផ្ទះល្វែងដែលខ្លួនជួលជិតរង្វង់មូលត្រីដាវ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់តាំងពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៦ល្ងាច ទើបខ្លួនបើករថយន្តដឹកជនរងគ្រោះទៅដាក់ ចោលនៅមុខអាកាសយាដ្ឋានខេត្តព្រះសីហនុ ដើម្បីឲ្យជនរងគ្រោះត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ី វិញ។

ជនសង្ស័យបានសារភាពបន្តថា មូលហេតុដែលខ្លួនចាប់បង្ខាំងជនរងគ្រោះ និងវាយធ្វើទារុណកម្ម ព្រោះជនរងគ្រោះបានលួចកិបកេងលុយរបស់ខ្លួនសរុបអស់ចំនួន១៥០០០ដុល្លារអាមេរិក ៕