ភ្នំពេញ៖ ដោយមិនអាចស៊ូទ្រាំនឹងពាក្យជជីកសួរពីមិត្តរួមអាជីព និងសាច់ញាតិបានតទៀតនោះ ពេលនេះ តារាចម្រៀង ទូច ស្រីលក្ខណ៍ បានដាច់ចិត្តទម្លាយប្រាប់រឿងរ៉ាវមួយចំនួនដែលជាមូលហេតុនៃការបាក់បែកចែកផ្លូវគ្នាជាមួយស្វាមី។

ថ្មីៗនេះ តារាស្រីរូបនេះ តារាចម្រៀង ទូច ស្រីលក្ខណ៍ បានដាច់ចិត្តបង្ហោះសារថា ពិតជាមានអ្នកទីបីចូលមកជ្រៀតជ្រែក ទើបធ្វើឲ្យជីវិតគ្រួសាររបស់នាងមានបញ្ហារហូតឈានដល់ការបាក់បែកចែកផ្លូវគ្នា ដូចសព្វថ្ងៃ។

អ្នកនាងទូច ស្រីលក្ខណ៍ បានលើកឡើងថា ប្រុសដែលថ្លៃ គឺគ្មានថ្ងៃធ្វើឱ្យប្រពន្ធខ្លួនទឹកភ្នែក ស្រែករកប្តីរាល់យប់នោះទេ ។ រូបនាងសុខចិត្តដេកឱបទុក្ខជាច្រើនឆ្នាំ រង់ចាំបើកទ្វារឲ្យគេជាប្តី ខណៈស្វាមីនាងដេកឱបមនុស្សស្រីថ្មី ហើយមិនខ្ចីនឹកនាដល់កូន និងគ្មានផ្តល់ប្រាក់មកកូនសូម្បីមួយសេនទៀតផង ។

នាងបានបន់ស្រន់ កុំឲ្យជួបនឹងទុក្ខសោកបែបនេះបន្តទៀតក្នុងជីវិត។ ដើម្បីបន្លប់ទុក្ខ ជាញឹកញាប់នាងតែងបង្ហាញសកម្មភាពជីវិតប្រចាំថ្ងៃ២នាក់កូនប្រុស ធ្វើហាក់ដូចជាមានសុភមង្គលខ្លាំងណាស់ តែគ្មាននរណាម្នាក់ដឹងពីជម្រៅចិត្តដ៏ឈឺចាប់របស់នាងនោះឡើយ។ នាងបានផ្លាស់ប្តូរស្ទីលសក់ខ្លីដូចតារាបរទេសល្បីៗ និងហាត់ប្រាណខ្លាំងជាពីមុនទៅទៀត ធ្វើឲ្យមហាជនជាច្រើនមើលទៅនាងហាក់រឹងមាំ ដូចគ្មានបញ្ហាអ្វី។
នាងថា ការពិតព្រោះមានអ្នកទីបី ទើបនាងនិងស្វាមីលែងលះគ្នា។

តារាចម្រៀង ទូច ស្រីលក្ខណ៍ បានរៀបការជាមួយស្វាមីជនជាតិអង់គ្លេស ឈ្មោះ ម័រថេន ក្វាមេន កាលពីឆ្នាំ២០១១ និងទទួលបានចំណងដៃកូនប្រុសម្នាក់ ដែលពេលនេះមានវ័យ៥ឆ្នាំហើយ៕