ខេត្តតាកែវ ៖ ក្លោ​ង​ទ្វារ​ចូល​វត្ត​ទន្លេបាទី តែ​បាន​សាងសង់​ឡើង​ជាង​៥០​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​បាក់​រលំ នៅ​ម៉ោងជាង ៤​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០​នេះ ដោយសារ​អ្នក​បើករថយន្ត​កុងតឺន័រ​មួយ​គ្រឿង បាន​បើក​បុក
ប៉ុន្តែ​សំណាងល្អ តៃកុង​រថយន្ត​បាន​ឱន​ផុត​រួច​ជីវិត ហើយ​ករណី​នេះ ពុំ​បាន​បង្ក​ឲ្យ​មាន​រង​របួស​ដល់​មនុស្ស​ឡើយ ។

បើ​តាម​លោក​វរសេនីយ៍ទោ ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ របស់​ក្រុមហ៊ុន Premium Logistic ដឹក​សម្ភារ​រោងចក្រ​កាត់ដេរ បាន​បើក​បត់​បុក​ក្លោ​ង​ទ្វារ​ចូល​វត្ត​ទន្លេបាទី បណ្តាល​ឲ្យ​បាក់​ខ្ទេច​គ្មាន​សល់ ។

លោក ឆាយ កែវ​មុនី បញ្ជាក់​ថា ហេតុការណ៍​នេះ កើតឡើង​នៅ​ក្លោ​ង​ទ្វារ​វត្ត​ទន្លេបាទី ស្ថិត​លើ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​ទន្លេបាទី ខេត្តតាកែវ ដែល​ក្លោ​ង​ទ្វារ​នោះ ត្រូវ​បាន​សាងសង់​ឡើង​តាំងពី​ឆ្នាំ​១៩៦៩​មក​ម្ល៉េះ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​កុងតឺន័រ និង​រថយន្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​ទំនិញ​ដែល​នៅ​លើ​កុងតឺន័រ សម្រាប់​បម្រើ​ដល់​រោងចក្រ​កាត់ដេរ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ទំនិញ ៕