ចិន ៖ អាជ្ញាធរ​ប្រទេស​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ សីហា​នេះ​ថា សំណាក​របស់​ស្លាបមាន់ ដែល​នាំ​ចូល​ពី​ប្រទេស​ប្រេ​ស៊ី​ល ចូល​មក​ទីក្រុង ស៊ិ​ន​ជិន របស់​ចិន ត្រូវ​បាន​គេ​ពិនិត្យ​រក​ឃើញ​មាន​វត្តមាន​នៃ​វីរុស COVID-19 នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព​ត៌​មាន​រ៉​យ​ទ័​រ ។

អាជ្ញាធរ​សុខាភិបាល​ទីក្រុង Shenzhen បាន​ធ្វើការ​តាមដាន​ភ្លាម​ៗ និង​ពិនិត្យ​លើ​មនុស្ស​ទាំងអស់ ដែល​មានការ​ពាក់ព័ន្ធ​នឹង​អាហារ​នោះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់ វិជ្ជមាន​ឡើយ ។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ចិន​បាន​រាយការណ៍​ថា វីរុស​កូ​រ៉ូ​ណា ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​កញ្ចប់​បង្គា ដែល​នាំ​ចូល​ពី​ប្រទេស​អេ​ក្វា​ឌ័​រ ។

ចាប់តាំងពី​ខែកក្កដា​មក ទីក្រុង​ផ្សេង​ៗ​ទៀត​របស់​ចិន រួម​ទាំង​ទីក្រុង​កំពង់​ផែ Xiamen និង ទីក្រុង Dalian ក៏​បាន​រាយការណ៍​ករណី​ដូច​គ្នា​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចិន​ផ្អាក​ការ​នាំ​ចូល​ទំនិញ​ពី​អ្នក​ផលិត​បង្គា​អេ​ក្វា​ឌ័​រ​។

សូម​រំលឹក​ថា វីរុស​កូ​រ៉ូ​ណា ដែល​មានឈ្មោះ​ផ្លូវការ​ថា COVID-19 ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​ផ្ទុះ​ចេញពី​ទីផ្សារ​សត្វព្រៃ និង​គ្រឿង​ស​មុ​ទ្ធ ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ​មុន​។ វីរុស​នោះ​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។

តួលេខ​ចុង​ក្រោយ បាន​បង្ហាញ​ថា​វា​បាន​ឆ្លង​ទៅ​កាន់​មនុស្ស​ជាង ២០​លាន​នាក់ និង​បាន​សម្លាប់​មនុស្ស​ជាង ៧៤៥.០០០​នាក់​ទូ​ទាំង​ពិភពលោក ៕