ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ កាឡាក់ស៊ី​ធូ ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ។

ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​ខាងលើ ត្រូវ​បាន​ធ្វើ​ឡើង ដែល​ដឹក​ដោយ​លោកស្រី​ឧត្តមសេនីយ៍ត្រី ហួ​ន គឹ​ម​ហេង ស្នងការ​រង ទទួល​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​កម្លាំង​អធិការ​នគរបាល ស្រុក​ក​កែវ​សីមា ។

សមត្ថកិច្ច បាន​ដកហូត​សម្ភារ​មួយ​ចំនួន រួម​មាន ទី​១-​ថា​ច់​ចុច​បទ​ចំរៀង​ចំនួន ០៣​គ្រឿង ទី​២-​ម៉ៃ​ក្រូ​ហ្វូ​ន​ចំនួន ០៤​គ្រឿង ទី​៣-​ក្បាល​អ៊ី​ហ្វិ​ច ចំនួន ០៣​គ្រឿង និង​ទី​៤-​អំ​ភ្លី​ចំនួន ០៣​គ្រឿង​។ សម្ភារ​ទាំងនេះ សមត្ថកិច្ច​ជំនាញ​បាន​យក​មក​រក្សា​ទុក​នៅ​កា​រិ​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ។

លោកស្រី​ឧត្តមសេនីយ៍ត្រី ហួ​ន គឹ​ម​ហេង បាន​បញ្ជាក់​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល ស្រុក​កែវ​សីមា បាន​លប​ឆ្មក់​ចូល​បង្ក្រាប​ជាក់ស្តែង ឃើញ​មាន​នារី​បម្រើសេវា ខារ៉ាអូខេ​នៅ​យីហោ កាឡាក់ស៊ី​ធូ មាន​ចំនួន​៨​នាក់ និង​មាន​អនីតិជន អាយុ​ក្រោម ១៨​ឆ្នាំ​ម្នាក់ និង​រឹបអូស​បាន​សម្ភារ ដែល​បម្រើ​ឱ្យ​សេវា​ខារ៉ាអូខេ​មួយ​ចំនួន ។

លោកស្រី​ឧត្ដមសេនីយ៍ត្រី ស្នង​ករ​រង បានឱ្យ​ដឹង​បន្ថែម​ថា ស្រប​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​ស្ងប់ស្ងាត់ ក្នុង​ប្រទេស​កម្ពុជា គ្រប់​សេវាកម្ម​ខារ៉ាអូខេ ខ្លិ​ប​កម្សាន្ត ដែល​មាន​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ទាំងអស់ នៅ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ផ្អាក​សកម្មភាព ដើម្បី​អនុវត្តន៍​ទៅ​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល ជំងឺ​កូ​វី​ដ​១៩ ក្នុង​នោះ​ដែរ មន្ទីរ​ទេសចរណ៍ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក ចុះ​បិទ​បម្រាម មិន​អនុញ្ញាត​ឲ្យ​មាន​សេវា​ប្រមូលផ្ដុំ​ឡើយ ៕