រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​នៅ​សុខ​ៗ​ចង់​ល្បី​ខ្លាំង​ពេក ក៏​បែកគំនិត​យក​ព័ត៌មាន​ចាស់ (​គ្រោះ​អគ្គិភ័យ​តាំងពី​ខែមិថុនា​) មក​ឡាយ​ឡើង​វិញ ក្នុង​បំណង​ចង់ឱ្យ​គេ​ចូល​មើល​ផេ​ក​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​ឆាប់​ល្បី តែ​បែរជា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ ជា​ពិសេស បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម រហូត​ត្រូវ​បាន​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​កោះហៅ​ឱ្យ​ចូលខ្លួន​បំភ្លឺ ទីបំផុត​ក៏​សម្រេច​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​កំហុសឆ្គង​របស់​ខ្លួន ។

បុរស​ឈ្មោះ សំ កុម្ភៈ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក TCB អ​ល​ចនទ្រ​ព្យ​កម្ពុជា ដែល​បាន​យក​រូបភាព​វី​ដេ​អូ ករណី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​កើតឡើង​តាំងពី​ខែមិថុនា ឆ្នាំ​២០១៩ នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន យក​មក​ធ្វើការ​បង្ហោះ​ឡាយ​ជា​វី​ដេ​អូ (Live Steam) កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣​និង​៣០​នាទី នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ចង់​ឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង ដែល​ធ្វើ​អោយ​សាធារណជន​មានការ​ភ័​ណ្ឌ​ច្រឡំ ជា​ពិសេស​អាច​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម​ផង​ដែរ ។

បុរស​ម្នាក់​នេះ ត្រូវ​បាន ក្រុម​មន្ត្រី​ជំនាញ កោះហៅ​ឲ្យ​ចូលខ្លួន​មក​ធ្វើការ​បំភ្លឺ លើ​ករណី​នេះ បុរស​ម្នាក់​នេះ​បាន​សារភាព​កំហុស ធ្វើ​កិច្ចសន្យា និង​ថត​ជា​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណ​: ចំពោះ​ទ​ង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​យក​ព័ត៌មាន​ចាស់ ករណី​អគ្គិភ័យ​តាំងពី​ថ្ងៃ​ទី​១៣ មិថុនា ២០១៩ មក​ផ្សាយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ ។

សូម​ចូលរួម​សហ​ការណ៍​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត និង​ជួយ​ទប់ស្កាត់​ឲ្យ​បាន​រាល់​ព័ត៌មាន​មិន​ពិត រូបភាព​សកម្មភាព​បំផ្លើសការពិត ជា​ហេតុ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ បំពុលបរិយាកាស​សង្គម បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ បង្ក​ភាព​វឹកវរ ចលាចល​ក្នុង​សង្គម ។​ល​។ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ផង​ដែរ ៕