រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ឆ្មក់​ចូលចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន ២៩​នាក់ (​ស្រី​០៣​នាក់​) បន្ទាប់​ពី​ពួក​គេ​ជាប់​សង្ស័យ​ធ្វើ​សកម្មភាព​ចាប់ជំរិត​យក​ប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង ១២​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​សណ្ឋាគារ​មួយ​មានឈ្មោះ «​កណ្តាល​សួនច្បារ​» ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ មានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​មេបញ្ជាការ​រង​០២​រូប គឺ​លោក​ឧត្តមសេនីយ៍ត្រី ពូ ដា​វី និង​លោក​ឧត្តមសេនីយ៍ត្រី ផា​ន់ តារា​វុ​ធ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោ​ង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង ឆាយ ហុង​។

លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ឃាត់ខ្លួន​ជនជាតិ​ចិន ២៩​នាក់ ស្រី​០៣​នាក់​។ ប្រតិបត្តិការ​មួយ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​យក​ប្រាក់​លើ​ជនជាតិ​ចិន​ដូច​គ្នា​។ កម្លាំង​សមត្ថកិច្ច​រំដោះ​បាន​ជន​រង​គ្រោះ​ចំនួន ៣​នាក់​។

ក្រោយ​បើក​ប្រតិបត្តិការ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​សួរនាំ​ជនសង្ស័យ​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​៕