បរទេស៖ លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បាន​ប្រកាសនៅ​ថ្ងៃអង្គារនេះថា រុស្ស៊ី បាន​ចុះបញ្ជីវ៉ាក់សាំងប្រឆាំង​កូវីដ-១៩ មុនគេ​លើពិភពលោក។ នេះបើតាម​ការផ្សាយ​របស់សារព័ត៌មានរុស្ស៊ី RT ដោយ​លោកបញ្ជាក់ថា វ៉ាក់សាំងនេះ មាន​ប្រសិទ្ធភាពក្នុង​ការបង្កើតភាពស៊ាំប្រឆាំងនឹងវីរុស។

លោក​បាន​ប្រាប់ទៅសមាជិក​រដ្ឋាភិបាល​លោកថា៖ «តាមដែល​ខ្ញុំដឹង វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ ត្រូវបាន​ចុះបញ្ជីនៅព្រឹកនេះហើយនៅរុស្ស៊ី និង​ជាលើកដំបូង​លើពិភពលោក។

មេដឹកនាំរូបនេះ បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំងធ្វើ​តាមគោលការណ៍ស្ម័គ្រ ដោយមិនមានការបង្ខំឡើយ ហើយលោកក៏ទម្លាយថា កូន​ស្រីម្នាក់​របស់​លោក បាន​ចាក់រួចហើយ។

លោក ពូទីន បានអះអាងឲ្យដឹងទៀតថា «បន្ទាប់ពី​​ចាក់​វ៉ាក់សាំងលើកដំបូង កូនស្រី​របស់ខ្ញុំមាន​កម្តៅ​៣៨ ហើយ​ថ្ងៃបន្ទាប់ធ្លាក់មក​៣៧។ នេះជាចំណុច​ល្អមួយ» ៕