ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តជាមោទនភាពជាតិខ្មែរ ដែលតែងតែផ្តល់ជូននូវបទពិសោធន៍
លេងហ្គេមតាមអនឡាញល្អផ្តាច់គេនោះ បានរៀបចំព្រឹត្តិការណ៍ប្រកួត Rules of Survival (RoS) KH Cup Season 3 វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃសៅរ៍ ទី 8 ខែសីហា ឆ្នាំ 2020 កន្លងទៅថ្មីៗនេះ។

ក្រុមកីឡាករ ចំនួន 18 ក្រុម បានចូលរួមប្រកួតនាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដើម្បីប្រជែងយកតំណែងជាម្ចាស់ជើងឯក RoS KH Cup នារដូវកាលទី 3 នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ។ ជាលទ្ធផលនៅចុងបញ្ចប់ ក្រុម TeamUP (ក្រុមយូ ភី) បានទទួលជ័យជំនះនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ពោលគឺបានក្លាយជាម្ចាស់ជើងឯកប្រចាំកម្មវិធីតែម្តង។

រង្វាន់ជាទឹកប្រាក់សរុបចំនួន 50,000,000 រៀល ត្រូវបានរៀបចំឡើងដើម្បីប្រគល់ជូនដល់ក្រុមកីឡាករដែលបានចូលរួម
នៅក្នុងកម្មវិធីប្រកួត ដោយក្នុងនោះ ក្រុម TeamUP (ក្រុមយូ ភី) ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន 20,000,000 រៀល សម្រាប់តំណែងជាជើងឯកប្រចាំកម្មវិធី។ ចំណែកឯក្រុម NRXCambodia ដែលជាប់ចំណាត់ថ្នាក់លេខ 2 ទទួលបានទឹកប្រាក់ចំនួន 8,000,000 រៀល និងក្រុម Vipers ទទួលបានទឹកប្រាក់ចំនួន 5,000,000 រៀល សម្រាប់ចំណាត់ថ្នាក់លេខ 3 ។

ក្រុមកីឡាករទាំងអស់ បានចូលរួមប្រកួតតាមរយៈកម្មវិធី PlayGame របស់ក្រុមហ៊ុនសែលកាត ហើយទន្ទឹមនឹងនោះផងដែរ បណ្តាអ្នកគាំទ្រ ក៏បានចូលរួមតាមដានទស្សនាសកម្មភាពផ្សាយផ្ទាល់តាមរយៈ Virtual Gaming Platform ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា (ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់តាំងពីខែមេសាកន្លងទៅថ្មីៗនេះ) ហើយអ្នកគាំទ្រខ្លះទៀត ធ្វើការតាមដានទស្សនាផ្ទាល់នៅលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុនសែលកាត។

បន្ទាប់ពីកម្មវិធីប្រកួត RoS KH Cup វគ្គផ្តាច់ព្រ័ត្រ ត្រូវបានបញ្ចប់ទៅ កម្មវិធីប្រកួតជាលក្ខណៈ All-Star ដ៏ជក់ចិត្ត ក៏បានចូលខ្លួនមកបន្ត ដោយក្នុងនោះក្រុមចំនួន 10 ដែលមានសំឡេងគាំទ្រតាមអនឡាញច្រើនជាងគេ ទទួលបានសិទ្ធិដើម្បីចូលរួមប្រកួត។ ដើម្បីញ៉ាំងឱ្យកម្មវិធីកាន់តែប្លែកអារម្មណ៍ថែមទៀតនោះ Influencer របស់ហ្គេម RoS ល្បីៗ រួមមានលោក Bunleng, Tii Gaming និង Lee Official ក៏ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងការប្រកួត All-Star ដើម្បីមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន 2 លានរៀលផងដែរ។ បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ទៅ ជ័យលាភីសម្រាប់វគ្គ All-Star គឺបានទៅលើក្រុម 4Military។

កម្មវិធីប្រកួតនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយមានកិច្ចសហការយ៉ាងស្អិតល្មួត រវាងក្រុមហ៊ុនសែលកាត ជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និង Netease ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមខ្នាតយក្សរបស់ប្រទេសចិន។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ឱ្យដឹងថា៖ “យើងពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានក្លាយជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យកីឡាអេឡិចត្រូនិកម្ពុជា។ ការទទួលស្គាល់នាពេលថ្មីៗនេះដោយស្ថាប័ន Opensignal និងយុទ្ធសាស្រ្តរបស់យើង ក្នុងការផ្តល់ជូននូវបណ្តាញទូរស័ព្ទប្រកបដោយទំនុកចិត្តខ្ពស់ និងផ្តល់បទពិសោធន៍លេងហ្គេមល្អបំផុត
គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាកីឡាអេឡិចត្រូនិច គឺជាប្រភេទកីឡាដែលកំពុងទទួលបានការគាំទ្រយ៉ាងផុសផុលបំផុតនាពេលបច្ចុប្បន្ននេះ។
ខ្ញុំក៏សូមយកឱកាសនេះផងដែរ ដើម្បីចូលរួមអបអរសាទរដល់ក្រុម TeamUP ដែលបានក្លាយជាម្ចាស់ជើងឯកនារដូវកាលនេះ”។

នាពេលថ្មីៗនេះ Opensignal ដែលជាស្ថាប័នមានការទទួលស្គាល់ជាអន្តរជាតិ បានប្រកាសឱ្យដឹងថា បណ្តាញ 4G LTE របស់ក្រុមហ៊ុនសែលកាត បានជាប់ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ដោយយោងតាមលទ្ធផលជាក់ស្តែង ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគត់ ដែលអ្នកប្រើប្រាស់ (ស្ថាប័ន Opensignal ផ្ទាល់) បានសង្កេតឃើញនូវការផ្តល់ជូន បទពិសោធន៍នៃការលេងហ្គេម នៅលើបណ្តាញ 4G នៅក្នុងប្រទេសកម្ពុជា ក្នុងកម្រិតខ្ពស់ជាងគេបំផុត។

លោក វ៉ាតសុន ក៏បានបន្ថែមឱ្យដឹងផងដែរថា៖ “ក្រុមហ៊ុនសែលកាតពិតជាមានកិត្តិយសបំផុត ដែលមានឱកាសក្នុងការចូលរួមគាំទ្រ និងជួយស្វែងរកកីឡាករស្រុក ដែលមានសមត្ថភាពឆ្នើមៗ។ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានក្តីសោមនស្សក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងនៅក្នុងស្រុក ក៏ដូចជាផ្តល់ជូននូវឱកាសដល់កីឡាករអេឡិចត្រូនិចកម្ពុជា ឱ្យអាចចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិផងដែរ” ។

ក្រុមហ៊ុនសែលកាត នឹងរៀបចំកម្មវិធីផ្សាយផ្ទាល់រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី 14 ខែសីហាខាងមុខនេះ ដើម្បីឱ្យកីឡាករហ្គេមខ្មែរយើង អាចស្វែងយល់បន្ថែមអំពីកីឡាអេឡិចត្រូនិច ក៏ដូចជាផ្តល់ឱកាសដើម្បីទស្សនាកីឡាករអាជីពយើង ប្រកួតផ្ទាល់នៅលើ PlayGame។ កម្មវិធីប្រកួតនេះ នឹងមានវត្តមានចូលរួមដោយក្រុមកីឡាករល្បីៗ ដែលក្នុងនោះមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមជាច្រើនផ្សេងទៀតផងដែរ។

គួររំលឹកផងដែរ ក្រុមហ៊ុនសែលកាត បានចូលរួមជួយជ្រោមជ្រែងដល់វិស័យកីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនថែមទាំងបានបម្រើជូនដល់សហគមន៍អ្នកគាំទ្រវិស័យហ្គេម ប្រមាណជាង 2 លាននាក់ទៀតផង៕