ភ្នំពេញ៖ មុននេះបន្តិច លោកផែង វណ្ណៈ បានបង្ហោះសារមួយតាមហ្វេសប៊ុកថា ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ខ្ញុំតាមទូរស័ព្ទព្រឹកនេះថា ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់មន្ត្រីនគរបាលនារីៗ ដែលប្ដឹង លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំនោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ បានបញ្ជាអោយមានការស៊ើបអង្កេតហើយ ។ ពេលនេះក្រុមស៊ើបអង្កេតបានចុះទៅកាន់ខេត្តកំពង់ធំហើយ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត បានបន្ថែមថា បើរកឃើញដូចការចោទប្រកាន់មែន ឯកឧត្ដមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នឹងចាត់ការតាមច្បាប់ ដោយមិនលើកលែងឡើយ ។

លោកស្នងការ អ៊ុក កុសល ត្រូវបានប៉ូលិសស្រីៗនៅក្រោមឱវាទដាក់ពាក្យបណ្ដឹងចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ថា បានហៅនាងខ្ញុំឲ្យទៅជួបគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន។ ដោយយល់ឃើញថា គាត់ជាថ្នាក់ដឹកនាំ ជាមេកើយ នាងខ្ញុំក៏បានទៅជួបគាត់ម្ដងម្នាក់ៗ។

ពេលចូលទៅដល់បន្ទប់តែពីរនាក់ លោកស្នងការបានសួរបញ្ជាក់ថាពាក់ស័កិ្តប៉ុន្មាន? ហើយមុខតំណែងអីសព្វថ្ងៃ? ហើយបើចង់បានមុខតំណែង ឬឡើងស័កិ្ត ចង់ចាំបងជួយ ព្រោះបងជាស្នងការ ជាប្រធានអង្គភាព ចង់ធ្វើអ្វីក៏បានដែរ ឱ្យតែអូនព្រមស្រលាញ់បង។ យ៉ាងទៀត បើអូនព្រមស្រឡាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបងគ្មានមេជីវិតបង្កកំណើតទេ។ ពេលឮសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្ត មិននឹកស្មានថា គាត់ហ៊ាននិយាយពាក្យសំដីបែបនេះមកលើនាងខ្ញុំជាកូនចៅ ជានារីភេទនោះទេហើយនគរបាលជានារីខ្លះមានទាំងប្ដីទាំងកូនផង។

ក្រៅពីពាក្យសម្ដីលួងលោម បុគ្គលនេះបានចាប់បង្ខំឱ្យស្ទាបអង្អែលកេរ្តិ៍ខ្មាស ដោយមិនញញើត ទោះបីពេលខ្លះពួកនាងខ្ញុំខំរើបម្រះ ឬចង់ស្រែកប្រាប់គេឯង ក៏មិនហ៊ាន ព្រោះខ្លាចអំណាចគាត់ជាស្នងការ។ ម្យ៉ាងទៀត គាត់បានគំរាមមិនឲ្យប្រាប់រឿងដែលគាត់ប្រព្រឹត្តនោះឲ្យនៅណាដឹងទេ បើហ៊ានគឺមានបញ្ហាហើយ។

ទោះបីដឹងថាបុគ្គលនេះតែងតែប្រព្រឹត្តបែបនេះមកលើរូបកាយ និងផ្លូវភេទពួកនាងយ៉ាងណា ក៏មិនហ៊ានប្រាប់នរណាដែរ ម្យ៉ាងខ្លាចប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរនាងខ្ញុំជាស្ត្រីភេទទន់ខ្សោយ ម្យ៉ាងខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារ ខ្លាចរឿងនេះដឹងដល់ប្ដីអាចប្រឈមនឹងការលែងលះគ្នា ធ្វើឱ្យបែកបាក់គ្រួសារ។

ពេលខ្លះ ពួកនាងត្រូវយកឯកសារទៅឆ្លងយោបល់គាត់ ម្នាក់ៗខ្លាចមិនហ៊ានទៅជួបទេ តែជាភារកិច្ចហើយ មិនអាចប្រកែកបាន ម្យ៉ាងទៀតគាត់ប្រាប់តាមរយៈនាយការិយាល័យ ឬស្នងការរងទទួលផែន តម្រូវឲ្យយើងខ្ញុំទៅបកស្រាយផ្ទាល់ ទើបគាត់ព្រម។

នារីៗជាមន្រ្តីនគរបាលខេត្តកំពង់ធំ បានលើកឡើងចំៗថា ក្រៅពីស្ទាបអង្អែលសុដន់ឬកេរ្តិ៍ភេទនាងខ្ញុំដែលជាជនរងគ្រោះ បុគ្គលនេះក៏បង្ខំឱ្យនាងខ្ញុំលេងប្រដាប់ភេទគាត់រហូតដល់ចេញទឹកកាម ទើបគាត់ព្រមឲ្យចាកចេញពីបន្ទប់របស់គាត់។ នគរបាលជានារីដែលចូលទៅជួបគាត់មួយចំនួន គឺជួបនឹងរឿងបែបនេះហើយក៏មាននគរបាលជានារីខ្លះជួបរឿងឈឺចាប់ត្រូវបែកបាក់គ្រួសារ ដោយសារការប្រព្រឹត្តអំពើដ៏ថោកទាបរបស់បុគ្គល អ៊ុក កុសល មកលើមន្ត្រីនគរបាលជានារី។

កន្លងមក ពួកនាងខ្ញុំបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។ផ្ទុយទៅវិញបុគ្គលនេះកាន់តែគៀបសង្កត់មើលងាយមើលថោកមកលើពួកនាងខ្ញុំជាជនរងគ្រោះ ដោយគំរាមមិនឱ្យតែងតាំង ឬដំឡើងស័ក្តិជាដើម៕