បរទេស៖ លោក Cher Wei Hon ជនជាតិសិង្ហបរី ត្រូវបានកាត់ទោសប្រហារជីវិតនៅឯតុលាការប្រជាជន Tay Tay Nin កាលពីថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០ ពីបទរត់ពន្ធមេតំហ្វេតាមីន១០គីឡូក្រាម មកពីប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

តុលាការបានរកឃើញឈ្មោះ លោក Cher Wei Hon អាយុ៤០ឆ្នាំ មានទីលំនៅក្នុងស្រុក៥ នៃទីក្រុងហូជីមិញ មានពិរុទ្ធពីបទ“ ដឹកជញ្ជូនខុសច្បាប់នូវសារធាតុហាមឃាត់” ។

យោងតាមការចោទប្រកាន់នៅវេលាម៉ោង០៣និង១៥នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ កម្លាំងពិសេសការពារគ្រឿងញៀនភាគខាងត្បូង បានសហការជាមួយប៉ុស្តិ៍ការពារព្រំដែននៅម៉ុកបៃ ខេត្តតាញ់ ដែលជាប់ព្រំដែនជាមួយកម្ពុជា បានឆែកឆេរឡានរបស់លោក Cher Wei Hon​ ហើយរកឃើញមេតំហ្វេតាមីន១០គីឡូក្រាម។

យោងតាមការបកស្រាយរបស់ជនជាប់ចោទ បានឲ្យដឹងថា​ គាត់បានជួបស្ត្រីម្នាក់ឈ្មោះ Quynh នៅហាងខារ៉ាអូខេមួយ ក្នុងរាជធានីភ្នំពេញ ​ប្រទេសកម្ពុជា។ បន្ទាប់ពីលោកបានខ្ចីប្រាក់ពីនាងចំនួន២០០លានដុង ឬ(៨ ៦០០ ដុល្លារ) ពីនាងលោកក៏បានធ្វើការឱ្យនាងដើម្បីសងបំណុល។

ដំបូង Quynh បានប្រគល់ភារកិច្ចឱ្យលោកដោយដឹកជញ្ជូនទូរស័ព្ទ iPhone និង iPad ពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម បន្ទាប់មកនាងក៏ឲ្យលោករត់គ្រឿងញៀនឆ្លងកាត់ព្រំដែន ដោយមុនពេលប៉ូលីសចាប់បានគឺលោកធ្លាប់បានធ្វើដំណើរជួញដូរបានជោគជ័យចំនួន៥ដងមកហើយ។

គួរបញ្ជាក់ថា ច្បាប់នៅក្នុងប្រទេសវៀតណាម អ្នកដែលត្រូវបានផ្តន្ទាទោសពីបទមានហេរ៉ូអ៊ីនជាង៦០០ក្រាម ឬមេតំហ្វេតាមីនជាង២,៥ គីឡូក្រាម ត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម។ ការផលិត ឬលក់ហេរ៉ូអ៊ីន១០០ក្រាម ឬ៣០០ក្រាមនៃគ្រឿងញៀនខុសច្បាប់ផ្សេងទៀតក៏ត្រូវទទួលទោសប្រហារជីវិតដែរ ៕