រាជធានី​ភ្នំពេញ ៖ យោង​តាម​ផេ​ក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ២​និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២០ មាន​អគ្គី​ភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ស្ថិត​នៅ រោងចក្រ GCS ផ្លូវ​បេង​តុង​ទួល​ពង្រ ក្រុម​ទី​៣ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា មា្ច​ស់​ទីតាំង​ឈ្មោះ យឹ​ម រ៉ា​ដា ជនជាតិ​ខែ្ម​រ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជានា​យក​ក្រុមហ៊ុន , មាន​សំណង់ ថ្ម​ប្រក់ស​ង្ក័​សី បាន​បណ្តាល​ឲ្យ​ខូចខាត​សម្ភារ ៖ ឆេះ​ឃ្លាំង​សាងសង់​ពី​បេតុង​ប្រក់​ស័ង្កសី ទំហំ​៣២​ម៉ែត្រ​គុណ​នឹង​៧០​ម៉ែត្រ អស់​ចំនួន​០១​ឃ្លាំង​, ឆេះ​រថយន្ត​ដឹក​ទំនិញ​ចំណុះ ៣.៥ តោន​ចំនួន​០១​គ្រឿង​, រថយន្ត​ដឹក​ទំនិញ​ចំណុះ ១.៥ តោន​ចំនួន​០១​គ្រឿង​, ឆេះ​ម៉ូតូ​កង់​បី​ដឹក​ទំនិញ​ចំនួន​០២​គ្រឿង​, ឆេះ​ម៉ូតូ​ចំនួន​០៤​គ្រឿង​, ឆេះ​គ្រឿង​បរិក្ខារ​អគ្គិសនី ម្នាងសិលា ដែក​គ្រោង​ជញ្ជាំង ពិ​ដាន សរុប​ជា​ទឹកប្រាក់​អស់​ប្រហែល​ចំនួន ១,២ លាន​ដុល្លារ​អា​មេ​រិ​ក តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឬ​ស្លាប់​ទេ ។ ចំពោះ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ការ​ឆាបឆេះ​នេះ​មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​២០​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១៤០​ឡាន ។ ក្នុង​នោះ​រថយន្ត​ក្រសួង​មហា​ផៃ្ទ ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៩​ឡាន​, រថយន្ត​អង្គភាព​ង​៧០ ចំនួន​០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​ឡាន​, រថយន្ត​អាវុធហត្ថ​ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២១​ឡាន​, រថយន្ត​ទីក្រុង​កោះ​ពេជ្រ ចំនួន​០២​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៦​ឡាន​, រថយន្ត​ស្រា​បៀរ​កម្ពុជា​ចំនួន​០១​គ្រឿង ប្រើ​ប្រា​សើ​ទឹក​អស់​ចំនួន​០៥​ឡាន ។ ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ពន្លត់​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ៕