ប្រទេសជប៉ុន និងចក្រភពអង់គ្លេស បានដោះស្រាយលើចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរ នឹងបន្តធ្វើការដើម្បីឈានដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយនៅចុងខែនេះ។ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Motegi Toshimitsu និងរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោកស្រី Liz Truss បានជួបពិភាក្សាគ្នា នៅទីក្រុងឡុងដ៍។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងយ៉ាងច្រើនលើពន្ធគយ ដែលគ្របដណ្ដប់លើផលិតផលឧស្សាហកម្មស្ទើរតែទាំងអស់។

ពន្ធលើរថយន្តដែលមានចំណែក ធំបំផុតនៃការនាំចេញរបស់ជប៉ុន ទៅកាន់ចក្រភពអង់គ្លេស នឹងត្រូវកាត់បន្ថយជាដំណាក់កាល និងលុបចោលនៅឆ្នាំ ២០២៦ ។ ទីក្រុងតូក្យូ និងទីក្រុងឡុងដ៍ សង្ឃឹមថាកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំក្រោយ ហើយរយៈពេលផ្លាស់ប្តូរសម្រាប់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនឹងផុតកំណត់នៅចុងឆ្នាំនេះ។

នៅក្នុងសារ លើបណ្តាញTweet លោកស្រី Liz Truss បានចាត់ទុក ការចរចាថាមានលក្ខណៈវិជ្ជមាន។ លោកស្រី បាននិយាយថាភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាលើបទប្បញ្ញត្តិនានានៅក្នុងសេវាកម្មឌីជីថល ទិន្នន័យ និងសេវាកម្មហិរញ្ញវត្ថុ ដែលហួសពីកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងជប៉ុន។ ប្រភពរដ្ឋាភិបាលជប៉ុនបានលើកឡើងថាបញ្ហាដែលនៅសេសសល់ ត្រូវបានកំណត់ចំពោះផលិតផលកសិកម្មមួយចំនួន។