ខេត្តព្រះវិហារ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បុរស២នាក់ស្រវឹងស្រាជិះម៉ូតូធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មទាំង២នាក់ កាលពីវេលាម៉ោង១២និង៤០ នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ 62 គីឡូម៉ែត្រលេខ៦២ ក្នុងភូមិភូមិរំចេក ឃុំរមណី ស្រុករវៀង ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះទី១៖ ឈ្មោះសុខ ស្រួ ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិទូលរវៀង ឃុំរមទម ស្រុករវៀង និងទី២ ឈ្មោះ អៀម ដុះ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិទួលរវាង ឃុំរមទម ស្រុករវៀង ។

មុនពេលកើតហេតុ បុរសទាំង២នាក់ ស្រវឹងស្រាហើយជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ស្លាកលេខកំពង់ចាម 1D 04 64 ឌុបគ្នា ហើយមិនបានពាក់មួកសុវត្ថិភាពទៀត។ លុះដល់កន្លែងកើតហេតុ ក៏រេចង្កូតបណ្តាលឲ្យធ្លាក់ផ្លូវ ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ រួចបានប្រគល់សាកសពជនរងគ្រោះទាំងពីរនាក់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕