ញូដេលី៖ មនុស្សស្លាប់ដោយសារតែគ្រោះថ្នាក់ ពេលចុះយន្តហោះរបស់ខ្លួនមួយគ្រឿងនៅរដ្ឋ ឃើរ៉ាឡា (Kerala) ភាគខាងជើងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិច។

នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India Express បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះ។
នៅក្នុងចំណោមសាកសពទាំង១៧នាក់ខាងលើនេះ មាន០២នាក់ជាក្រុមអាកាសយានិកនៅលើលើយន្តហោះតែម្តង និង ១៥នាក់ជាអ្នកដំណើរ ខណៈអ្នកបម្រើការងារ០៤នាក់ទៀត មិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។

ក្រោយពេលកើតហេតុ អាជ្ញាធរឥណ្ឌា បានបញ្ជូនយន្តហោះសង្គ្រោះពីទីក្រុងប៊ុមបៃ និងញូដេលី ទៅកាន់រដ្ឋ Kerala ជាទីដែលយន្តហោះចុះចតខុសបច្ចេកទេស និងបណ្តាលឲ្យធ្លាក់អូសដាច់ខ្លួនជាពីរកំណាត់ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

បើតាមអាកាសចរណ៍ Air India Express បានឱ្យដឹងថា នៅលើយន្តហោះនោះមានមនុស្សពេញវ័យដល់វ័យចំណាស់ចំនួន ១៧៤នាក់, ទារក ១០នាក់, អាកាសយានិកពីរនាក់ និងអ្នកបម្រើការងារ (អូតេះ) ចំនួន០៤នាក់។ យន្តហោះខាងលើនេះ មានជើងហោះហើរលេខ IX 1344 ជាប្រភេទ Boeing 737 ធ្វើដំណើរពីទីក្រុងឌូបៃ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម សំដៅមកទីក្រុង កូហ្ស៊ូខូឌី (Kozhikode) ប៉ុន្តែពេលមកដល់អាកាសយានដ្ឋានទីក្រុងនេះ វាក៏បានចុះខុសផ្លូវព្រលាន និងអូសខ្លួនដាច់ជាពីរកំណាត់តែម្តង។ អាជ្ញាធរឥណ្ឌា កំពុងធ្វើការស៊ើបអង្កេតលើករណីនេះ៕